(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសអ៊ុយក្រែន បានរិះគន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដោយនិយាយថា លោកព្រមទទួលការអញ្ជើញរបស់លោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ខណៈមិនមកចូលរួមដោយផ្ទាល់ កាលពីពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤។
តាមរយៈបណ្តាញសង្គម X ក្រសួងការបរទេសអ៊ុយក្រែន លើកឡើងដូច្នេះថា «លោកប្រមុខ UN បានបដិសេធ ហើយចាត់តែអ្នកតំណាង ឱ្យចូលកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំកាលពីលើកដំបូង នៅក្នុងប្រទេសស្វីស។ ប៉ុន្តែ លោកបែរជាទទួលយកការអញ្ជើញ ទៅកាន់ទីក្រុង Kazan ពីសំណាក់លោក ពូទីន។ នេះគឺជាជម្រើសខុសឆ្គង ដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាអាចត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ UN ប៉ុណ្ណោះ»។
រុស្ស៉ី បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS នៅក្នុងទីក្រុង Kazan។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បាននិយាយថា កាលពីដើមខែនេះថា លោក Guterres បានប្រាប់លោករដ្ឋមន្រ្តីការបរទេស Sergei Lavrov ថាលោកមានចង់មកកាន់ទីក្រុង Kazan។ ប៉ុន្តែនៅពេលត្រូវបានសួរអំពីបញ្ហានេះ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យ UN លោក Farham Haq ឆ្លើយថាប្រសិនបើលោក Guterres ត្រូវចូលរួមនោះ នឹងមានការប្រកាសហើយ៕