(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃចន្ទ ទី២១ ខែតុលា យោធាអ៉ីស្រាអែល បាននិយាយថា មេបញ្ជាការចុងក្រោយបំផុត ដែលទទួលបន្ទុកចាត់ចែងផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហេសបូឡាលីបង់ ត្រូវបានសម្លាប់ នៅឯប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសខាងលើ ដែលមិនត្រូវបានបញ្ចេញឈ្មោះ គឺជាប្រធានអង្គភាពលេខ ៤៤០០ របស់ហេសបូឡា ទទួលបន្ទុកលើការផ្ទេរ និងកំណត់ទំហំហិរញ្ញវត្ថុ ទៅកាន់ក្រុមនេះ តាមរយៈការលក់ប្រេងរបស់ទីក្រុងតេហេរ៉ង់។ ក្រុមហេសបូឡា ត្រូវបានគាំទ្រដោយប្រទេសអ៉ីរ៉ង់។
បើតាមអ្នកនាំពាក្យដដែល អង្គភាព ៤៤០០ ពីមុនមក ត្រូវបានដឹកនាំដោយបុគ្គលម្នាក់ទៀត ឈ្មោះ Mohammed Jafar Ksir ដែលបានគ្រប់គ្រងប្រភពចំណូលឱ្យហេសបូឡា អស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលត្រូវយោធាអ៉ីស្រាអែលផ្តាច់ជីវិត ក្នុងការវាយប្រហារលើ រដ្ឋធានីបេរូតរបស់អ៉ីរ៉ង់ កាលពីអំឡុងដើមខែតុលានេះ។
គួរបញ្ជាក់ថា អង្គភាព ៤៤០០ មានភារកិច្ចដឹកជញ្ជូនប្រេងរបស់អ៉ីរ៉ង់ ទៅកាន់ប្រទេសស៉ីរី ហើយបន្ទាប់មកលក់ប្រេងទាំងនោះ នៅក្នុងប្រទេសលីបង់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ៉ីស្រាអែលត្រូវគេសង្កេតឃើញថា បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការកំណត់គោលដៅ លើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា៕