(យូអិន)៖ អ្នកតំណាងមួយរូបរបស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា កូរ៉េខាងជើងមិនបានបញ្ជូន កងទ័ពទៅប្រទេសរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គូក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ដោយច្រានចោល ការអះអាងរបស់ទីក្រុងសេអ៊ូលថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំងពិសេស ១,៥០០នាក់ ឱ្យទៅហ្វឹកហាត់និងសម្របខ្លួន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗ កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខ ក្នុងសង្រ្គាមអ៊ុយក្រែន។
ថ្លែងនៅអង្គការសហប្រជាជាតិ អ្នកតំណាងមួយរូបរបស់កូរ៉េខាងជើង បានលើកឡើងថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ គឺខាងបេសកកម្មកូរ៉េខាងជើង យល់ឃើញថាហាក់ពុំមានភាពចាំបាច់អ្វីឡើយ ក្នុងការអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន ដោយវាមានគោលដៅបង្ខូច មុខមាត់របស់កូរ៉េខាងជើង ហើយបំផ្លាញទំនាក់ទំនងស្របច្បាប់ ប្រកបដោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋអធិបតេយ្យទាំងពីរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៉ី បានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានចោទប្រកាន់ជាយូរមកហើយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនសព្វាវុធឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន។ រុស្ស៉ីក៏បានបដិសេធ ការចោទប្រកាន់ អំពីការបញ្ជូនទ័ពរបស់កូរ៉េខាងជើងផងដែរ ប៉ុន្តែបាននិយាយការពារ កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយទីក្រុងព្យុងយ៉ាង៕