(ប៉េកាំង)៖ ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ប្រទេសចិននៅតែបន្ត ខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។
តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចី ដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី ០,២៥ ទៅ ០,៥០ នៃពិន្ទុមូលដ្ឋាន ដែលនឹងបង្កើន សាច់ប្រាក់ប្រមាណ ១ទ្រីលានយ័ន (ប្រហែល ១៤០ ប៊ីលានដុល្លារ) ក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះគឺជាការបោះជំហានថ្មីធំមួយទៀត របស់រដ្ឋាភិបាលចិន ដែលនឹងមិនត្រឹមតែអនុញ្ញាតឱ្យធនាគារចិន មានលទ្ធភាពផ្តល់កម្ចីរយៈពេលវែងច្រើនជាងមុនប៉ុណ្ណោះទេ តែថែមទាំងបើកឱកាសឱ្យប្រជាជនចិនប្រមាណជា ១៥០លាននាក់ផ្សេងទៀត មានលទ្ធភាពទទួលបានកម្ចីទិញអចលនទ្រព្យ និងជំរុញដល់ការប្រើប្រាស់ក្នុងស្រុកផងដែរ។
គោលនយោបាយថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យទីផ្សារក្នុងស្រុក កាន់តែមានស្ថិរភាព និងផ្តល់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល។ សម្រាប់ចិន ការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច នឹងជំរុញការចំណាយ និងបង្កើនការវិនិយោគ លើវិស័យសំខាន់ៗ ដូចជាអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលជាសរសរស្តម្ភនៃខឿនសេដ្ឋកិច្ចចិន។ សន្ទុះថ្មីនៅក្នុងវិស័យទាំងនេះនឹងរួមចំណែក ដល់ការបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលនឹងលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ទាំងក្នុងតំបន់ និងពិភពលោក។
ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ភាពរស់រវើក នៃទីផ្សារក្នុងស្រុកចិន ដែលជំរុញឡើងតាមរយៈការចាក់បញ្ចូល សាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច នឹងធ្វើឱ្យចិនមានតម្រូវការបន្ថែមទៀតនូវវត្ថុធាតុដើម និងផលិតផលនានា ដែលនឹងផ្តល់កាលានុវត្តន៍ភាពថ្មីៗ ដល់ប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការនាំចូលផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារចិន ដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់។
ជាងនេះទៅទៀត ជាមួយនឹងស្ថិរភាពនៃទីផ្សារក្នុងស្រុក ចិនដែលជាប្រទេសនាំមុខក្នុងវិស័យផលិតកម្ម ដូចជាគ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងឱសថ ក៏នឹងដើរតួនាទី កាន់តែសំខាន់ថែមទៀត ក្នុងការកាត់បន្ថយហានិភ័យនានា នៃភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ ស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចចិន នឹងរួមចំណែកដល់ការបង្កើត នូវបរិយាកាសវិនិយោគដែលអាចព្យាករណ៍បាន និងច្បាស់លាស់ជាងមុន បង្កើនទំនុកចិត្តទីផ្សារ ព្រមទាំងកាត់បន្ថយហានិភាព នៃការប្រែប្រួល យ៉ាងឆាប់រហ័សនៃទីផ្សារពិភពលោក។
សរុបមកវិញ គោលនយោបាយហិរញ្ញវត្ថុថ្មីរបស់ចិននឹងមិនត្រឹមតែបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិននោះទេ តែថែមទាំងរួមចំណែក ដល់ការធានាឱ្យបាននូវខ្សែច្រវាក់ផ្គត់ផ្គង់សកល ប្រកបដោយភាពធន់ និងស្ថិរភាព និងពង្រឹងទំនុកចិត្តទីផ្សារ សំដៅជំរុញស្ថិរភាព នៃទីផ្សារសកល និងផ្តល់សន្ទុះថ្មីដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលផងដែរ។ ភាពរស់រវើក នៃសេដ្ឋកិច្ចចិនពិតជានឹងនាំមក នូវវិបុលភាព និងវឌ្ឍនភាពថ្មីៗដល់តំបន់ និងពិភពលោក៕
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា