(បូហ្គោតា)៖ ខណៈប្រទេសជិត ២០០បានជួបជុំគ្នា ក្នុងប្រទេសកូឡុំប៊ី សម្រាប់សន្និសីទស្តីពីអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP16 ប្រមុខនៃអង្គការសហប្រជាជាតិ (UN) និងអ្នកតំណាងរបស់ប្រទេសនីមួយៗ បានអំពាវនាវឱ្យមានការធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិការាប់ពាន់លានដុល្លារ សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤។
២ឆ្នាំមកនេះ ប្រទេសនានា បានអនុម័តកិច្ចព្រមព្រៀងក្របខណ្ឌជីវចម្រុះសកល Kunming-Montreal ជាមួយនិងការដាក់គោលដៅ ២៣ចំណុច ដើម្បីជួយបញ្ឈប់ការបាត់បង់ធម្មជាតិនៅឆ្នាំ ២០៣០។ COP16 មានភារកិច្ច ក្នុងការស្វែងរកវិធីអនុវត្តកិច្ចព្រមព្រៀងនោះ ដែលរួមមានការស្វែងរកថវិកា ២០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ការអភិរក្ស។ មូលនិធិនេះ បង្កើតឡើងកាលពីឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនកើតឡើងដល់ ត្រឹមរាប់លានប៉ុណ្ណោះ ហើយមិនមែនរាប់ពាន់លានដូចការរំពឹងទុកឡើយ។
ប្រធាននៃសន្និសីទ COP16 លោកស្រី Susana Muhamad បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំ នៅភាគខាងលិច នៃរដ្ឋធានីបូហ្គោតា ដូច្នេះថា «យើងទាំងអស់គ្នាយល់ស្របថា យើងខ្វះថវិកាសម្រាប់បេសកកម្មនេះ»។ អ្នកចរចាកំពូល របស់ប្រេស៉ីល លោក Andre Correa do Lago បានប្រាប់អង្គប្រជុំថា ការខ្វះខាតថវិកាក្នុងការបរិច្ចាគ អាចជាក្តីបារម្ភ ចំពោះការមិនអាចបំពេញ តាមគោលដៅនៃក្របខ័ណ្ឌនោះបាន។ ថ្មីៗនេះ ប្រមុខនៃ UN លោក Antonio Guterres ក៏បានរិះគន់ដែរថា ពិភពលោកកំពុងដើរផ្ទុយ ពីការសម្រេចគោលដៅឆ្នាំ ២០៣០ ហើយថាត្រូវតែមានការវិនិយោគថ្មីនិងសំខាន់ៗ ក្រោមក្របខ័ណ្ឌនៃមូលនិធិដែលបានដាក់ចេញ។
គួរបញ្ជាក់ថា ប្រទេសអភិវឌ្ឍ បានព្រមព្រៀងគ្នាក្នុងក្របខណ្ឌជីវៈចម្រុះសកល ដើម្បីផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវថវិកា ២០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលបានឱ្យរួចហើយត្រឹមឆ្នាំ ២០២៥។ វាបានកើនឡើងពីចំនួន ១៥.៤ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០២២ ដែលជាតួលេខចុងក្រោយមកពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD)៕