(គែរ)៖ ប្រធានទីភ្នាក់ងារសង្គ្រោះ និងស្នាក់នៅរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បានអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសចេញពីភាគខាងជើងនៃតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោក Lazzarini បាននិយាយថា ស្ថានភាពមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចធ្ងន់ធ្ងរមួយ ដោយសាកសពត្រូវបានបោះបង់ចោលតាមដងផ្លូវ ឬកប់នៅក្រោមគំនរបាក់បែក។ មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេគ្មានសល់អ្វីសម្រាប់ការព្យាបាលអ្នករបួសទៀតទេ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការអំពាវនាវនេះ ក៏បានកើតឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែលផងដែរ ដើម្បីព្យាយាមធ្វើឱ្យកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីការស្លាប់កាលពីសប្តាហ៍មុន របស់លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀតទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា មន្ត្រីសុខាភិបាល នៅហ្គាហ្សាបាននិយាយថា ពួកគេមិនទាន់ទទួលបានជំនួយនៅឡើយទេ។ កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍ថា មានមនុស្សជាង ២០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា៕