(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមកំពុងផ្ទុះឡើងនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ស្ថានការណ៍នៅជុំវិញតៃវ៉ាន់បែរជាមានភាពស្ងប់ស្ងាត់ បើគេធ្វើការប្រៀបធៀបគ្នា។ ក្រុមអ្នកតាមដានស្ថានការណ៍ ជាច្រើនធ្លាប់បានព្យាករថា «វិបត្តិនៅតៃវ៉ាន់» អាចនឹងផ្ទុះឡើងនៅដើមឆ្នាំ២០២៤ តែវាមិនបានកើតឡើងដូចការព្យាករនោះទេ។ ក៏ប៉ុន្តែភាពស្ងប់ស្ងាត់របៀបនេះ ក៏មិនមែនជារឿងល្អណាស់ ណានោះដែរ នោះក៏ព្រោះតែចិននៅតែបន្តរក្សាការបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ ហើយដែលការដាក់សម្ពាធរបស់ប៉េកាំងត្រូវបានក្រុមមន្ត្រីតៃវ៉ាន់ហៅថា «ជាយុទ្ធសាស្ត្រ anaconda» ដែលមានគោលដៅរឹតដើម្បីខ្ទប់ដង្ហើមតៃវ៉ាន់សន្សឹមៗ។
ជាមួយការបង្កើនការធ្វើសកម្មភាពយោធា ការល្បាត និងការធ្វើសមយុទ្ធ ចិនត្រូវបានគេមើលឃើញកំពុងពង្រឹងវត្តមានរបស់ខ្លួនឡោមព័ទ្ធតៃវ៉ាន់។ ប៉ុន្មានថ្ងៃនៅបន្ទាប់ពីការស្បថចូលកាន់តំណែង របស់លោក Lai Ching-te កាលពីខែឧសភាកន្លងទៅ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបង្ហាញសមត្ថភាព ក្នុងនោះជាពិសេសគឺសម្ញែងសមត្ថភាពរបស់ឆ្មាំសមុទ្រចិនដែលអាច នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបេសកកម្មបិទខ្ទប់កោះតៃវ៉ាន់នៅពេលអនាគត។ នៅក្នុងកម្រិតមួយដែលគេមិនធ្លាប់បានឃើញចាប់តាំងពីឆ្នាំ២០២២មក យន្ដហោះចម្បាំង និងនាវាចម្បាំងចិន បានបង្កើនសកម្មភាពធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើតេស្តលើសមត្ថភាពប្រតិកម្មឆ្លើយតបរបស់យោធាតៃវ៉ាន់ និងបង្ហាញប្រាប់ពិភពលោកពីសមត្ថភាពរបស់ ខ្លួនក្នុងការគ្រប់គ្រងដែនអាកាស និងដែនទឹកនៃកោះតៃវ៉ាន់ដែលតភ្ជាប់ទៅកាន់ពិភពលោក។
ព្រមពេលជាមួយគ្នា តៃវ៉ាន់ក៏បាន និងកំពុងប្រឈមមុខនឹងការវាយប្រហារព័ត៌មានវិទ្យា (cyberattacks) ដែលតៃប៉ិចោទថាជាស្នាដៃរបស់ប៉េកាំង រីឯប៉េកាំងចោទថាតៃវ៉ាន់ទៅវិញទេដែលជា ជនឈ្លានពានសាយប័រយ៉ាងពិតប្រាកដ។ តាមរយៈការឃោសនា រាប់ចាប់ពីការអះអាងថាការបោះឆ្នោតមានការលួចបន្លំ រហូតដល់សន្តិសុខស្បៀងអាហារ ចិនមានគោលដៅបង្កការបែកបាក់នៅក្នុងសង្គមតៃវ៉ាន់ និងធ្វើឱ្យប្រជាជនតៃវ៉ាន់មានការសង្ស័យកាន់តែខ្លាំងចំពោះទំនាក់ទំនងជាមួយ ឬការពឹងផ្អែកលើសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត ចិនបានបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងដោយលុបចោលការអនុគ្រោះពន្ធលើទំនិញមួយចំនួននាំចូលពីតៃវ៉ាន់ ដោយធ្វើឱ្យអនាគតកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃ ជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ស្ថិតក្នុងភាពស្រពេចស្រពិល។ និយាយពីការទូតវិញ ចិនអូសទាញបានសម្ព័ន្ធមិត្តមួយនៅក្នុងចំណោមសម្ព័ន្ធមិត្តតែប៉ុន្មានប្រទេសដែលមានទំនាក់ទំនង ជាមួយតៃវ៉ាន់ នោះគឺប្រទេសដែនកោះ Nauru ដែលបានប្រកាសភ្ជាប់ទំនាក់ទំនងជាមួយប៉េកាំងកាលពីខែមករាកន្លងទៅ ជាការដាក់ទណ្ឌកម្មលើប្រជាជនតៃវ៉ាន់សម្រាប់ការបោះឆ្នោតគាំទ្រ លោក Lai និងជាសារមួយបញ្ជាក់ថាចិននៅអាចធ្វើឱ្យតៃវ៉ាន់ឯកោនៅលើឆាកអន្តរជាតិបានយ៉ាងងាយស្រួល។
បើតាមអ្នកវិភាគខាងវិទ្យាសាស្ត្រនយោបាយដូចជាលោក Hal Brands មកពីវិទ្យាស្ថាន American Enterprise Institute យុទ្ធសាស្ត្ររបស់ចិនគឺមានគោលដៅរឹតតៃវ៉ាន់ឱ្យដាច់ខ្យល់បន្តិចម្ដងៗទាំង រាងកាយ សេដ្ឋកិច្ច ការទូត និងចិត្តសាស្ត្រ ដើម្បីអាចបង្កើតជា «ផ្នត់គំនិតមួយ» ថាការតស៊ូប្រឆាំងចិនគឺគ្មានប្រយោជន៍អ្វីឡើយ ហើយការបង្រួបបង្រួមជាតិជាមួយប៉េកាំងជារឿងចៀសមិនរួច។ ចំណែក ការធ្វើសកម្មភាពយោធានៅជុំវិញតៃវ៉ាន់ គឺមានគោលដៅធ្វើឱ្យយោធាតៃវ៉ាន់ខ្សោះកម្លាំង ហើយសកម្មភាពរបស់ចិនណាមួយដែលអាចលុបបំបាត់បាននូវអធិបតេយ្យជាក់ស្ដែងរបស់តៃវ៉ាន់ នោះវានឹងធ្វើឱ្យទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិករង្គោះរង្គើរតាមរយៈការបង្ហាញឱ្យគេឃើញថាការគំាទ្ររបស់អាមេរិកចំពោះតៃវ៉ាន់គឺមានព្រំដែនកំណត់។ ក៏ប៉ុន្តែប្រសិនបើការសម្លុត គំរាមរបស់ចិនមិនទទួលបានលទ្ធផលទេ ចិនអាចនឹងបោះជំហានកាន់តែកាចជាងមុន។
ក្រុមមន្ត្រីតៃវ៉ាន់បានបង្ហាញការព្រួយបារម្ភរបស់ពួកគេដោយនិយាយថាការបង្កើនសកម្មភាពយោធារបស់ចិននៅជុំវិញតៃវ៉ាន់ គឺប្រៀបបានដូចជាការព្យាយាមដាក់ថ្នាំសណ្ដំឱ្យតៃវ៉ាន់ និងអាមេរិក មើលឃើញថាវត្តមានកងទ័ពរំដោះប្រជាជនចិនជារឿងធម្មតា។ ការធ្វើបែបនេះគឺដើម្បីកុំឱ្យតៃវ៉ាន់ ឬអាមេរិកអាចមើលដឹងមុនថាតើនៅពេលណាលោក ស៊ី ជីនពីងបញ្ឈប់ការអនុវត្តសកម្មភាពបិទខ្ទប់ ឬការប្រើប្រាស់កម្លាំងក្រោមទម្រង់ណាមួយ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគភាគច្រើន ការបិទខ្ទប់ ឬសង្រ្គាមនៅតៃវ៉ាន់នឹងមិនអាចកើតឡើងក្នុងពេលអនាគតដ៏ខ្លីនោះទេ។ យុទ្ធសាស្ត្រយកឈ្នះដោយមិនបាច់ច្បាំងរបស់ចិន គឺបន្តរក្សាការដាក់ សម្ពាធសំដៅកែប្រែទិសដៅនយោបាយតៃវ៉ាន់ ហើយផលិតឱ្យបាននូវមេដឹកនាំតៃវ៉ាន់ម្នាក់ដែលមានទំនោរងាកទៅរកប៉េកាំង។ ប៉ុន្តែចំពោះយុទ្ធសាស្ត្រនេះ វិធីសាស្ត្ររបស់លោក ស៊ី ជីនពីងហាក់ដូចជា បរាជ័យទៅហើយ។ នោះគឺដោយសារតែជ័យជម្នះរបស់លោក Lai Ching-te បានធ្វើឱ្យរូបលោកក្លាយជាមេដឹកនាំតៃវ៉ាន់ក្នុងអាណត្តិទី៣ជាប់គ្នាៗមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែល មានទំនោរគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ដូច្នេះអ្វីដែលគេត្រូវរង់ចាំអ៊ុតមើល នោះគឺថាតើនឹងមានអ្វីឡើងនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់នៅឆ្នាំ២០២៨។ បានន័យថាប្រសិនបើលោក Lai ឬបេក្ខជនណាផ្សេងមកពីគណបក្ស DPP ទទួលបានជ័យជម្នះសាជាថ្មីទៀត លោក ស៊ី ជីនពីង អាចនឹងធ្វើការសន្និដ្ឋានថាការបញ្ចុះបញ្ចូលជាមួយសម្លុតគំរាមបានបរាជ័យ ហើយការពិចារណាពីវិធានការ ឬវិធីសាស្ត្រផ្សេងជារឿងចាំបាច់។ ដើរដល់ត្រង់ចំណុចនេះ ទើបវាជារឿងគួរឱ្យព្រួយបារម្ភនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕