(យូអិន)៖ អូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសចំនួន ១៣ផ្សេងទៀត បានរិះគន់ចិននៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ជុំវិញការចោទប្រកាន់ពីការរំលោភ សិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) និងតំបន់ទីបេ (Tibet) ជំរុញឱ្យចិនថ្កោលទោសបណ្ដាប្រទេសទាំងនោះវិញសម្រាប់ការមិនអើពើពី «ជីវិតរស់នៅដូចឋាននរក» របស់ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាត UN ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ UN លោក James Larsen បានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញឱ្យចិនប្រកាន់ខ្ជាប់ កាតព្វកិច្ចស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងអនុវត្តតាមរាល់អនុសាសន៍របស់ UN ក្នុងនោះរួមមានទាំងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ក្នុងតំបន់ស៊ីនជាំង និងទីបេ ហើយត្រូវធ្វើការបញ្ជាក់ជាបន្ទាន់ពីជោគវាសនា និងថាតើសាច់ញាតិរបស់ពួកគេដែលបានបាត់ខ្លួនកំពុងស្ថិតនៅទីណា?»។
គួរបញ្ជាក់ថា លោក James Larsen ធ្វើការអត្ថាធិប្បាយខាងលើដោយជំនួសមុខឱ្យអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៉ីស្លង់ ជប៉ុន លីទុយអានី ហូឡង់ នូវែលសេឡង់ ន័រវែស ស៊ុយអែត និងចក្រភពអង់គ្លេស។ ប៉ុន្តែចិនតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ UN លោក Fu Cong បានច្រានចោលរាល់ការចោទប្រកាន់ជុំវិញ ការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ហើយចោទបកទៅលោកខាងលិចវិញថាកំពុងនិយាយកុហកដើម្បីដុតបញ្ឆេះការប្រឈមមុខដាក់គ្នា។
បើតាមលោក Fu Cong ស្ថានភាពសិទ្ធិមនុស្សដែលគេគួរតែផ្ដោតនៅពេលនេះនៅឯគណៈកម្មាធិការសិទ្ធិមនុស្ស UN នៅក្នុងឆ្នាំនេះ នោះគឺតំបន់ហ្កាហ្សា។ លោកបន្ថែមថាអាមេរិក និងអូស្ត្រាលី រួមទាំងប្រទេសមួយចំនួនតូច មិនបានអើពើឡើងចំពោះជីវភាពរស់នៅដូចឋាននរករបស់ប្រជាជនប៉ាឡេស្ទីន ខណៈយកពេលមកវាយប្រហារ និងបង្ខូចកិត្តិយសរបស់ចិន ព្រមទាំងប្រឆាំងនឹងសន្តិភាព និងភាពសុខសាន្តនៅក្នុងតំបន់ស៊ីនជាំងទៅវិញ៕