(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ ទី២៣ ខែតុលានេះបានរាយការណ៍ថាមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានធ្វើអធិការកិច្ចទៅកាន់មូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ មួយកន្លែង ជាមួយការបញ្ចេញរូបភាពបង្ហាញពីសកម្មភាពរបស់លោក គីម ត្រួតពិនិត្យមើលយានដឹកជញ្ជូន និងជើងទម្រសម្រាប់មីស៊ីលបាលិស្ទីគអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចារកម្មកូរ៉េខាងត្បូងបាននិយាយថាទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅកាន់រុស្ស៉ី ដើម្បីត្រៀមសម្រាប់ ការដាក់ពង្រាយទៅជួយកងទ័ពរុស្ស៉ីប្រយុទ្ធនៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម បានត្រួតពិនិត្យលើការត្រៀមលក្ខណៈដើម្បី ធ្វើសកម្មភាពនៃយុទ្ធសាស្ត្រកំញើញសត្រូវ។ KCNA ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកបង្ហាញពីលោក គីម ពាក់អាវធំស្បែកពណ៌ខ្មៅឈរនៅខាងមុខមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើ ឥន្ធនៈរឹង Hwasong-18 និងឈរនៅកៀកមីស៊ីលល្បឿនលឿងជាងសំឡេង។ បើតាម KCNA លោក គីម ជុងអ៊ុន បានអបអរសាទរដល់កងកម្លាំងមីស៊ីលកូរ៉េខាងជើងសម្រាប់ការដើរតួនាទី យ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្ត្រកំញើញទប់ស្កាត់សង្រ្គាមដែលជាអាទិភាពកំពូលមួយរបស់លោក។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំងពិសេស ១,៥០០នាក់ ឱ្យទៅហ្វឹកហាត់និង សម្របខ្លួន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗ កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខ ក្នុងសង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែអ្នកតំណាងមួយរូបរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា កូរ៉េខាងជើងមិនបានបញ្ជូន កងទ័ពទៅប្រទេសរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គូក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ដោយច្រានចោលការអះអាងរបស់ទីក្រុងសេអ៊ូលថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន៕