(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៉ី លើកំពង់ផែសមុទ្រខ្មៅ ក្នុងប្រទេសអ៊ុយក្រែន កំពុងធ្វើឱ្យការដឹកជញ្ជូនជំនួយដ៏សំខាន់ សម្រាប់ប៉ាឡេស្ទីនមានភាពយឺតយាវ ហើយរាំងស្ទះការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសំខាន់ៗ ទៅកាន់លោកខាងត្បូង (Global South)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤។
តាមទីភ្នាក់ងារស៉ីបការណ៍សម្ងាត់អង់គ្លេស យ៉ាងហោចណាស់ នាវាពាណិជ្ជកម្ម ៤គ្រឿង បានរងការវាយប្រហារដោយគ្រាប់ផ្លោងរបស់រុស្ស៉ី នៅក្នុងសមុទ្រខ្មៅ ចន្លោះពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែតុលា។ លោក Starmer គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ការវាយប្រហារមិនរើសមុខរបស់រុស្ស៉ី ទៅលើកំពង់ផែក្នុងសមុទ្រខ្មៅ សបញ្ជាក់ពីឆន្ទៈរបស់ លោក ពូទីន ក្នុងការយកបញ្ហាសន្តិសុខស្បៀងពិភពលោក មកបង្ខំអ៊ុយក្រែនឱ្យចុះចាញ់។ លោក ពូទីន កំពុងធ្វើទុក្ខបុកម្នេញ លើជនងាយរងគ្រោះរាប់លាននាក់ នៅទូទាំងទ្វីបអាហ្រ្វិក អាស៉ី និងមជ្ឈិមបូព៌ា ដោយសារតែបំណងចង់រក្សាសង្រ្គាមរបស់គាត់»។
គួរបញ្ជាក់ថា តាមសេចក្តីថ្លែងការណ៍ដដែលរបស់ លោក Starmer ការវាយប្រហាររបស់រុស្ស៉ី ធ្វើឱ្យនាវាមួយគ្រឿងពន្យារពេលចាកចេញ ពីអ៊ុយក្រែន ខណៈដែលនាវានោះត្រូវដឹកប្រេងឆា ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក នៅដែនដីប៉ាឡេស្ទីន ក៏ដូចជាកប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិ ដែលកំណត់ទិសដៅទៅកាន់អេហ្ស៉ីប និងសម្រាប់ការដឹកជញ្ជូនទៅ ឱ្យកម្មវិធីស្បៀងអាហារពិភពលោក នៅតំបន់អាហ្វ្រិកខាងត្បូង៕