(វ៉ាស៉ីនតោន)៖ FBI បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងស៉ើបអង្កេតករណីបែកធ្លាយឯកសារសម្ងាត់ របស់ចារកម្មអាមេរិក ដែលមាននិយាយពីផែនការរបស់អ៉ីស្រាអែល ក្នុងការវាយប្រហារសងសឹកអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤។
ឯកសារសម្ងាត់នោះ ត្រូវបានបែកធ្លាយ តាមគណនីតេឡេក្រាមឈ្មោះ Middle East Spectator កាលពីសប្តាហ៍មុន ដោយពិព័ណនាអំពី ការត្រៀមលក្ខណៈរបស់អ៉ីស្រាអែល សម្រាប់ការវាយប្រហារមួយដែលអាចទៅរួច ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីគោលដៅណាមួយទេ។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកកាសែត កាលពីដើមសប្តាហ៍នេះថា អាជ្ញាធរអាមេរិក មិនទាន់ច្បាស់ទេថា វាជាការបែកធ្លាយឯកសារ ឬជាការលួចយក (hack) ប៉ុន្តែយ៉ាងណាក៏ដោយ វាជារឿងមិនអាចទទួលយកបានទេ។ តាមសេចក្តីថ្លែងការណ៍របស់ FBI «FBI កំពុងស៉ើបលើករណីបែកធ្លាយនោះ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ក្នុងក្រសួងការពារជាតិ និងបណ្តាញចារកម្ម»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បាននិងកំពុងត្រៀមខ្លួន សម្រាប់ការសងសឹកពីអ៉ីស្រាអែល ចំពោះការបាញ់មីស៉ីលរបស់ខ្លួន ជិត ២០០គ្រាប់កាលពីថ្ងៃទី១ ខែតុលា។ មុនពេលមានការបែកធ្លាយនោះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា រដ្ឋបាលលោក រក្សាឯកជនភាពឱ្យអ៉ីស្រាអែលណាស់ ជុំវិញផែនការរបស់ពួកគេ៕