(ម៉ានីល)៖ មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ស្របពេលដែលព្យុះត្រូពិកមួយ ឈ្មោះថា Trami កំពុងបោកបក់ឆ្ពោះមករក ឆ្នេរភាគខាងកើតនៃប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤។
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃពុធនេះ ចំណុចកណ្តាលនៃព្យុះ Trami ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីក្រុង Casiguran នៃខេត្ត Aurora ភាគខាងកើតហ្វីលីពីន ហើយវាត្រូវបានព្យាករថា នឹងបោកបក់មកដល់ដីគោក នៅខ្ទង់ចន្លោះល្ងាចថ្ងៃដដែលនេះ និងព្រឹកថ្ងៃព្រហស្បតិ៍ស្អែក។
ទោះមិនទាន់បោកបក់មកដល់ពេញទំហឹងក៏ដោយ ចំហាយព្យុះ Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់ នៅតំបន់មួយចំនួនរួចជាស្រេច។ មនុស្សយ៉ាងហោច៣២,០០០នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយការងាររដ្ឋាភិបាល និងសាលារៀន ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្គាប់ឱ្យ ទីភ្នាក់ងារពាក់ព័ន្ធទាំងឡាយ ត្រៀមលក្ខណៈដើម្បីឆ្លើយតប ផលប៉ះពាល់ដែលបណ្តាលមកពីព្យុះត្រូពិកនេះ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយ ដែលជារឿយៗត្រូវទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ៕