(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានលើកឡើងថា សហរដ្ឋអាមេរិកពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីដំបូងបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ស្របពេលនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត លោកស្រី ហារីស ដែលជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនបក្សសាធាណរដ្ឋ កំពុងប្រឹងប្រែងបង្កើនយុទ្ធនាការឃោសនារៀងៗខ្លួន នៅតាមរដ្ឋសំខាន់ៗ ខណៈបើតាមការស្ទង់មតិជាបន្តបន្ទាប់កន្លងមកនេះ ការបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកា នឹងមានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។
នៅពេលត្រូវបានសាកសួរ ក្នុងកិច្ចសម្ភាសជាមួយស្ថានីយទូរទស្សន៍ NBC ថាតើសហរដ្ឋអាមេរិក ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានាធិបតីស្រីដំបូងបំផុតរបស់ខ្លួន លោកស្រី ហារីស បានឆ្លើយតបថា ប្រាកដណាស់ ប៉ុន្តែលោកស្រី ក៏បានគូសបញ្ជាក់ដែរថា បេក្ខភាពប្រធានាធិបតីរបស់លោកស្រី គឺផ្តោតលើការបើកទំព័រថ្មី សម្រាប់ប្រទេសជាតិមួយ ដែលនឿយហត់ ចំពោះលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក មានប្រធានាធិបតីសរុប៤៦រូប ដែលសុទ្ធតែជាបុរសទាំងអស់។ ប្រសិនបើទទួលជ័យជម្នះ លោកស្រី ហារីស នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត។ មិនតែប៉ុណ្ណោះ លោកស្រី ហារីស ក៏ជាប់សែស្រឡាយជនជាតិអាស៉ីខាងត្បូង និងអាហ្រ្វិកផងដែរ ដ្បិតម្តាយលោកស្រី ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា និងឪពុកជាជនជាតិអាមេរិក ដើមកំណើតហ្សាម៉ាអ៉ីក៕