(KAZAN)៖ នៅថ្ងៃពុធ ទី២៣ ខែតុលា អគ្គលេខាធិការរបស់ អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានធ្វើដំណើរមកទីក្រុង Kazan នៃប្រទេសរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS និងបើកកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូង ក្នុងរយៈពេលជាង២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមមន្រ្តី UN បានឱ្យដឹងថា ចំពោះមុខការកើនឡើងនៃក្តីបារម្ភរបស់សហគមន៍អន្តរជាតិ ជុំវិញជម្លោះនៅមជ្ឈិមបូព៌ានិងអ៊ុយក្រែន លោក Guterres នឹងត្រូវជួបជាមួយមេដឹកនាំជាច្រើន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល BRICS ក្នុងនោះរួមមានទាំងជំនួបជាមួយ លោក ពូទីន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក Guterres និងលោក ពូទីន បានជួបមុខគ្នាជាលើកចុងក្រោយ កាលពីខែមេសា ឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍ក្រោយ ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសអ៊ុយក្រែន បានចេញមុខរិះគន់លោក Guterres ដោយនិយាយថា លោកព្រមទទួលការអញ្ជើញរបស់លោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ខណៈមិនមកចូលរួមដោយផ្ទាល់ កាលពីពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាព៕