(សេអ៊ូល)៖ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ក្រុមមន្រ្តីទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង អាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដើម្បីជាផ្នែកមួយ នៃចំណាត់ការឆ្លើយតប ចំពោះទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៉ី ក្រោយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាង អំពីការបញ្ជូនកងទ័ពឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំងពិសេស ចំនួន១,៥០០នាក់ ឱ្យទៅហ្វឹកហាត់និងសម្របខ្លួន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗ កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខ ក្នុងសង្រ្គាមអ៊ុយក្រែន។
ក្រុមមន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូល កំពុងរៀបចំចំណាត់ការការទូត សេដ្ឋកិច្ច និងយោធា សម្រាប់សេណារីយ៉ូផ្សេងៗគ្នា នៃកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ ក្នុងនោះរួមមានទាំង ការផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធសម្រាប់ប្រយុទ្ធតែម្តង ប្រសិនបើស្ថានការណ៍កាន់តែដុនដាបខ្លាំង។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលលេចមុខជាប្រទេសផលិតសព្វាវុធដ៏ឈានមុខមួយ នៅលើពិភពលោក បានស្ថិតក្រោមសម្ពាធពីសំណាក់ប្រទេសលោកខាងលិចមួយចំនួន ព្រមទាំងទីក្រុងកៀវផ្ទាល់ ឱ្យផ្តល់សព្វាវុធសម្រាប់ប្រយុទ្ធដល់អ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ ទីក្រុងសេអ៊ូលបានផ្តោតតែលើ ជំនួយសម្ភារៈយោធាមិនសម្រាប់ប្រយុទ្ធប៉ុណ្ណោះ រួមមានបរិក្ខារដោះគ្រាប់មីន ជាដើម៕