(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃពុធ ទី២៣ ខែតុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទទូចឱ្យអ៉ីស្រាអែល ព្យាយាមបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា តាមរយៈការប្រើប្រាស់ឱកាស ដែលបង្កើតឡើងដោយការស្លាប់នៃមេដឹកនាំហាម៉ាស លោក Yahya Sinwar និងការបំផ្លិចបំផ្លាញសមត្ថភាពមួយភាគធំ របស់ក្រុមហាម៉ាស ក្នុងជម្លោះរយៈពេលជាង១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Blinken បាននិយាយថា អ៉ីស្រាអែល បានទទួលជោគជ័យ ក្នុងការធានាថា មិនអាចមានការកើតឡើងម្តងទៀតឡើយ នូវព្រឹត្តិការណ៍ឆ្មក់វាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កជាសង្រ្គាមហ្កាហ្សា ហើយអ៉ីស្រាអែលឥឡូវនេះ គួរតែងាកទៅផ្តោតលើការនាំយកចំណាប់ខ្មាំងចំនួន ១០១នាក់ ដែលនៅសល់ ត្រឡប់មកវិញ រួចបញ្ចប់ការប្រយុទ្ធគ្នា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលបន្តទស្សនកិច្ចទៅកាន់ ទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគោលដៅបន្ទាប់ ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា លោកប្រមុខការទូតអាមេរិក បាននិយាយដូច្នេះថា «ឥឡូវគឺជាពេលដែល ត្រូវប្រែក្លាយភាពជោគជ័យទាំងនោះ ទៅជាជោគជ័យយុទ្ធសាស្រ្ត ដែលរឹងមាំយូរអង្វែងមួយ។ អ្វីដែលសំខាន់ នាពេលនេះ ចាំបាច់គួរផ្តោតទៅលើ ការនាំយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ ហើយបិទបញ្ចប់សង្រ្គាម ព្រមទាំងមានផែនការច្បាស់លាស់មួយ សម្រាប់អ្វីដែលត្រូវកើតឡើងបន្ទាប់»។
គួរបញ្ជាក់ថា សង្រ្គាមរបស់អ៉ីស្រាអែល បានបង្កភាពវិនាសហិនហោច នៅទូទាំងតំបន់ហ្កាហ្សា និងបានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនភាគច្រើន ត្រូវពាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ ហើយស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន។ រដ្ឋាភិបាលអ៉ីស្រាអែល មិនទាន់មានចក្ខុវិស័យច្បាស់លាស់ណាមួយនៅឡើយទេ សម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ក្រៅតែពីគោលដៅត្រូវធ្វើយ៉ាងណា កម្ទេចកម្លាំងប្រដាប់អាវុធ និងសមត្ថភាពដឹកនាំរបស់ក្រុមហាម៉ាស នៅហ្កាហ្សា៕