(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានឱ្យដឹងថា ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប (EU) ខិតតែជិតទៅរកការសម្រេចបាននូវកម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលយកពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កក ហើយអាមេរិកអាចរួមចំណែក ក្នុងកម្ចីនោះប្រហែល ២០ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ សមាជិកសភា EU បានអនុម័តផែនការរបស់ប្លុក ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលបង្កកបានចំនួន ៣៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៨ពាន់លានដុល្លារ។ ក្នុងសន្និសីទសារព័ត៌មាន ពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Yellen និយាយថា លោកស្រីមានទំនុកចិត្តខ្ពស់ថា ទ្រព្យសម្បត្តិរុស្ស៉ីដែលភាគច្រើនទុកនៅអឺរ៉ុប នឹងនៅតែត្រូវបង្កកបាន បើទោះបីជាមានការតម្រូវឱ្យ EU ធ្វើការបង្កកទ្រព្យសម្បត្តិទាំងនោះ រៀងរាល់៦ខែម្តងក៏ដោយ។
នៅពេលត្រូវបានសួរថាតើកម្ចីនោះ នឹងអាចឈានដល់ការចរចាបញ្ចប់ នៅចុងឆ្នាំនេះឬយ៉ាងណា? លោកស្រី Yellen គូសបញ្ជាក់ថា «យើងជិតសម្រេចបានក្នុងចំណែក ២០ពាន់លានដុល្លាររបស់អាមេរិក នៃកញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារនោះ។ ការរួមចំណែកនេះ នឹងត្រូវកាត់យកមកវិញ ពីក្នុងទ្រព្យសម្បត្តិរុស្ស៉ី មិនមែនអាមេរិកជាអ្នកចេញទេ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញ EU ឱ្យផ្តល់ការធានាកាន់តែខ្លាំងថា ទ្រព្យសម្បត្តិគ្រប់គ្រងដោយក្រុមហ៊ុន Euroclear មានមូលដ្ឋាននៅប្រទេសបែលហ្ស៉ិក នឹងស្ថិតក្នុងការបង្កករយៈពេលវែង ទោះជាមានបទឈប់បាញ់នៅអ៊ុយក្រែនក្តី។ ការណ៍នេះ កាត់បន្ថយហានិភ័យដែលថាសហរដ្ឋអាមេរិក នឹងទទួលខុសត្រូវចំពោះការសងប្រាក់កម្ចី៕