(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហាន ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ចំនួននេះ គឺច្រើនទ្វេដងនៃការប៉ាន់ស្មានពីមុន។
សមាជិកសភាបានបន្ថែមថា កូរ៉េខាងជើងបានសន្យាថា នឹងបញ្ជូនទាហានសរុប ១០,០០០នាក់ ហើយការដាក់ពង្រាយនេះនឹងបញ្ចប់នៅខែធ្នូ។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធរបាយការណ៍នេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត ឆ្លើយតបទៅនឹងភស្តុតាង នៃការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាម។ សហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភ អំពីការវិវត្តនេះ និងបាននិយាយថា វានឹងជា «ការវិវត្តដ៏គ្រោះថ្នាក់»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហាន ១,៥០០នាក់ទៅកាន់ប្រទេសរុស្ស៊ី៕