(ឡង់ដ៍)៖ ចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ នៅថ្ងៃពុធសប្តាហ៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ ដោយសន្យាថានឹងសហការគ្នាលើសមយុទ្ធយោធានិងអភិវឌ្ឍអាវុធថ្មីៗ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅចំពេលមានភាពតានតឹងកើនឡើង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងការព្រួយបារម្ភអំពីការចូលរួមរបស់កូរ៉េខាងជើងក្នុងជម្លោះនេះ។
កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងផែនការសម្រាប់អាល្លឺម៉ង់ ក្នុងការដាក់ពង្រាយយន្តហោះចម្បាំងនៅស្កុតឡែន ដើម្បីជួយការពារមហាសមុទ្រអាត្លង់ទិកខាងជើង។ ប្រទេសទាំងពីរក៏នឹងសហការគ្នាលើការអភិវឌ្ឍយានយន្តប្រយុទ្ធនិងយន្តហោះដ្រូន និងការធ្វើឱ្យប្រសើរឡើង នៃឧទ្ធម្ភាគចក្រ Sea King របស់អាល្លឺម៉ង់ដែលត្រូវបានផ្តល់ឱ្យអ៊ុយក្រែន។
រដ្ឋមន្រ្តីការពារជាតិ អង់គ្លេសនិងអាល្លឺម៉ង់ បានសម្តែងការព្រួយបារម្ភអំពីរបាយការណ៍ ដែលថាកូរ៉េខាងជើងកំពុងបញ្ជូនទាហានទៅជួយរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ពួកគេបាននិយាយថា នេះគឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់រុស្ស៊ី និងជាការវិវត្តដ៏គួរឱ្យព្រួយបារម្ភ៕