(អង់ការ៉ា)៖ ការវាយប្រហារដ៏សាហាវមួយបានកើតឡើងនៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) នៅជិតទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ ទី២៣ ខែតុលា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។
ខ្សែវីដេអូបានបង្ហាញពីក្រុមជនប្រដាប់អាវុធ ចូលទៅក្នុងអគារនិងមានការបាញ់កាំភ្លើង បន្ទាប់មកមានការផ្ទុះយ៉ាងខ្លាំង។ រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានបញ្ជាក់ថាមានអ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារនេះ ប៉ុន្តែមិនទាន់បញ្ជាក់ចំនួននៅឡើយទេ។
មូលហេតុនិងជនដៃដល់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា ការវាយប្រហារនេះអាចជាការវាយប្រហារអត្តឃាត ហើយក៏បុគ្គលិកត្រូវបានចាប់ជាចំណាប់ខ្មាំងនៅខាងក្នុងអគារផងដែរ ប៉ុន្តែន្ត្រីមិនបានបញ្ជាក់ពីរឿងនេះទេ។
សាក្សីបាននិយាយថា បុគ្គលិកនៅខាងក្នុងអគារត្រូវបានអាជ្ញាធរនាំទៅកាន់ទីជម្រក ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញទេ។ ការបំផ្ទុះគ្រាប់បែកប្រហែលជាបានកើតឡើងនៅច្រកចេញ ខណៈដែលបុគ្គលិកកំពុងចាកចេញពីការងារ។
គួរបញ្ជាក់ថា TUSAS គឺជាក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ និងការពារជាតិ ដ៏សំខាន់បំផុតមួយ របស់ប្រទេសតួកគី។ ក្រុមហ៊ុននេះ ផលិតយន្តហោះចម្បាំង KAAN ដែលជាយន្តហោះចម្បាំងជាតិដំបូងគេ របស់ប្រទេសតួកគី និងមានបុគ្គលិកជាង ១ម៉ឺននាក់៕