(ម៉ានីល)៖ ព្យុះត្រូពិក Trami បានបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់ របស់ហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ បង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបិទទ្វាររយៈពេលពីរថ្ងៃជាប់ៗគ្នា ខណៈទីភ្នាក់ងារគ្រោះមហន្តរាយ កំពុងទប់ទល់នឹងភ្លៀងធ្លាក់ ក៏ដូចជាទឹកជំនន់ថែមទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារឧតុនិយមរដ្ឋ បានឱ្យដឹងថា ព្យុះត្រូពិក Trami ដែលមានកម្លាំងខ្យល់បក់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច ឆ្លងកាត់ខេត្ត Isabela ឆ្ពោះទៅសមុទ្រចិនខាងត្បូង។ មានការព្រមាន រាប់ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំង រហូតដល់គ្រោះទឹកជំនន់ ការរអិលបាក់ដី និងខ្យល់ព្យុះសម្រាប់ខេត្តភាគខាងជើងមួយចំនួន។ ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃពុធថា ព្យុះនេះបណ្តាលឱ្យមានមនុស្សស្លាប់ ១៤នាក់ស្លាប់ ក្នុងនោះ ១២នាក់នៅទីក្រុង Naga ភាគកណ្តាល។ អ្នកស្រុករាប់ពាន់នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ Bicol ខណៈទឹកជំនន់ បានហក់ឡើង ដល់ដំបូលផ្ទះបឹងហ្កាឡូ។
គួរបញ្ជាក់ថា ជាធម្មតា ហ្វីលីពីន រងគ្រោះដោយព្យុះត្រូពិក ជាមធ្យម ២០ ក្នុងមួយឆ្នាំ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងគ្រោះរអិលបាក់ដី ដែលបណ្តាលឱ្យមានមនុស្សស្លាប់៕