(ប៉េកាំង)៖ បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួល នៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មាន ក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍ តិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍ គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។
តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ? យន្តការសហប្រតិបត្តិការនៃប្រទេស BRICS គឺបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមគ្នាគាំពារផលប្រយោជន៍រួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងឥទ្ធិពលវិជ្ជមាន នៃយន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានកើនឡើងជាបន្តបន្ទាប់ មានប្រទេសជាច្រើនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេស BRICS ។ នៅដើមឆ្នាំ ២០២៤ ប្រទេសចំនួនប្រាំរួមមាន អារ៉ាបីសាអូឌីត , អេហ៊្សីប , អេមីរ៉ាតអារ៉ាប់រួម , អ៊ីរ៉ង់ និងអេត្យូពីបានចូលជាសមាជិកផ្លូវការ នៃប្រទេស BRICS ដែលបង្កើតបានជា «ប្រទេស BRICS ធំ» ដែលជាការបើកទំព័រយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការនៃប្រទេស«សកលខាងត្បូង» ។
ផ្តើមពីយន្តការសហប្រតិបត្តិការនៃប្រទេស BRICS រហូតដល់ក្លាយជា «ប្រទេស BRICS ធំ» យន្តការនេះបានដើរតួនាទីសំខាន់ ក្នុងការគាំពារសន្តិសុខរួម និងជំរុញសន្តិភាពជាយូរអង្វែង របស់ពិភពលោក ។ បច្ចុប្បន្ន ភ្លើងសង្គ្រាមបានផ្ទុះឡើងនៅតំបន់ជាច្រើន ដែលបង្កជាភាពរង្គោះរង្គើ ហើយបញ្ហាខាងសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីក៏នៅតែស្ថិតមាន ដូច្នេះ តម្រូវឱ្យមានអ្នកចេញមុខសម្រុះសម្រួល និងលំនឹងស្ថានការណ៍ដ៏តានតឹងនេះ ក្នុងនោះ ប្រទេស BRICS ជាពិសេសប្រទេសចិនបានដើរតួនាទីដ៏សំខាន់ ដូចជាការសម្រុះសម្រួល ឱ្យមានការផ្សះផ្សារគ្នា នៃបណ្តាប្រទេសអារ៉ាប់ជាដើម ។
កន្លងមក យន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានខិតខំគាំពារពហុភាគីនិយមនិងធ្វើឱ្យមានសុក្រឹតភាព នូវអភិបាលកិច្ចសកល ។ ប្រទេសចិនដែលជាសហស្ថាបនិកនៃប្រទេស BRICS បានផ្តួចផ្តើមគំនិតជាប់រហូតមកថា កិច្ចការរបស់ពិភពលោកជាកិច្ចការរបស់យើងទាំងអស់គ្នា ដូច្នេះត្រូវពិភាក្សាជាមួយគ្នាដើម្បីរកដំណោះស្រាយដ៏សមរម្យ ហើយច្បាប់កំណត់អន្តរជាតិ ត្រូវរួមគ្នាតាក់តែងនិងគោរពប្រតិបត្តិទាំងអស់គ្នា រីឯសមិទ្ធផលនៃអភិបាលកិច្ចសកល ក៏ត្រូវចែករំលែកគ្នាផងដែរ ។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំចិនបានគូសរំលេចជាច្រើនលើកច្រើនសាថា ឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក ប្រទេសចិននឹងបើកចំហជានិច្ច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ក៏បានជំរុញដល់ការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នា និងការតភ្ជាប់ដួងចិត្ត រវាងប្រជាជននិងប្រជាជន ។ បន្ទាប់ពីការពង្រីកចំនួនសមាជិក ហើយបានក្លាយជា «ប្រទេស BRICS ធំ» គឺបានគ្របដណ្តប់លើប្រជាជនចំនួនជាង ៣៥០០ លាននាក់ ដែលបូករួមទាំងទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុបនិងអាមេរិកឡាទីន អាចនិយាយបានថាជាបណ្តុំនៃពិពិធកម្មផ្នែកអរិយធម៌ ។ ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ការរក្សាសមភាព និងការគោរពគ្នាក្នុងការប្រាស្រ័យទាក់ទង ការមិនរើសអើងគ្នា វាជាមូលដ្ឋានគ្រឹះសម្រាប់ការរួមរស់នៅដោយសុខដុមរមនា និងបញ្ចៀសនូវជម្លោះផ្សេងៗ ។
យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាការបង្កើនសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ និយាយចំពោះប្រទេស កំពុងអភិវឌ្ឍន៍ដែលពីដើមមកមាន «ទឹកមាត់សាប» ការរួមសាមគ្គីគ្នាដើម្បីមូលមតិជាសំឡេងតែមួយ គឺមានភាពចាំបាច់ខ្លាំង សម្រាប់ការទាមទារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ពិសេសគឺការស្មើមុខស្មើមាត់ ជាមួយប្រទេសជឿនលឿន ។ ក្នុងន័យនេះ សំឡេងដែលបញ្ចេញដោយយន្តការសហប្រតិបត្តិការនៃប្រទេស BRICS ទៅកាន់ពិភពលោកគឺជាសំឡេងស្វែងរក ភាពសច្ចយុត្តិធម៌របស់ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបានឡើយ ។
ខណៈពេលនេះ ពិភពលោក ជាពិសេសគឺបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បាននាំគ្នាទន្ទឹងរង់ចាំថា កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ ដែលកំពុងប្រព្រឹត្តទៅនៅក្រុង Kazan ប្រទេសរុស៊្សី ប្រាកដជានឹងនាំមកនូវទស្សនទាន និងដំណោះស្រាយថ្មីៗ សម្រាប់ជាប្រយោជន៍រួមរបស់ពិភពលោកនិងឆ្លើយតបនឹង បញ្ហាប្រឈមក្នុងយុគសម័យថ្មី ពិសេសគឺការឈានទៅរក ដំណោះស្រាយឱ្យមានការបញ្ចប់សង្គ្រាមនិងអំពើហិង្សា ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងពិភពលោកដ៏សុខដុមរមនាទៅទីបំផុត៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន