(កៀវ)៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា ទីក្រុងកៀវបាននិយាយថា ទីក្រុងមូស្គូបានទទួលបរាជ័យ ក្នុងការស្វែងរកការគាំទ្រ សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល BRICS ក្នុងប្រទេសរុស្ស៉ី ជាទីដែលមេដឹកនាំពិភពលោក រួមមានទាំងប្រេស៉ីល ឥណ្ឌា និងចិន បាននាំគ្នាទៅចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កិច្ចប្រជុំកំពូល BRICS ដែលរុស្ស៉ីបានគ្រោងប្រើប្រាស់ ដើម្បីបំបែកបំបាក់ពិភពលោក បានបង្ហាញឱ្យឃើញ ជាថ្មីម្តងទៀតថា ពិភពលោកភាគច្រើន នៅតែបន្តឈរនៅខាងអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបាន នូវសន្តិភាពមួយ ដែលគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងមាននិរន្តរភាព»។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់កិច្ចប្រជុំ BRICS ដែលធ្វើឡើងនៅទីក្រុង Kazan នៃប្រទេសរុស្ស៉ីថា ចាំបាច់ត្រូវតែមិនឱ្យការប្រយុទ្ធគ្នាកើនឡើងដាច់ខាត នៅអ៊ុយក្រែន។ រីឯប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ក៏បានអំពាវនាវឱ្យចៀសវាងការបង្កើនជម្លោះផងដែរ ហើយទទូចឱ្យចាប់ផ្តើមកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព។ ចំណែក នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានលើកឡើងថា ឥណ្ឌាគាំទ្រកិច្ចសន្ទនានិងការទូត តែមិនគាំទ្រសង្រ្គាមឡើយ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក្នុងកិច្ចពិភាក្សាលក្ខណៈឯកជន លោក ពូទីន បានស្វាគមន៍សំណើរបស់មេដឹកនាំ BRICS មួយចំនួន ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន។ មេដឹកនាំពិភពលោក មកពីប្រមាណ២០ប្រទេស បានមកជួបជុំគ្នានៅទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដែលជាវេទិកាការទូតធំបំផុត នៅប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើងកាលពីឆ្នាំ២០២២៕