(មូស្គូ)៖ មន្រ្តីជាន់ខ្ពស់ហាម៉ាសមួយរូប បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ក្រោយកិច្ចពិភាក្សាក្នុងទីក្រុងមូស្គូថា ក្រុមរបស់ខ្លួនចង់ឱ្យរុស្ស៉ី ជួយជំរុញមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas ឱ្យចាប់ផ្តើមកិច្ចការចរចា អំពីរដ្ឋាភិបាលរួបរួមសម្រាប់តំបន់ហ្កាហ្សា ក្រោយសង្គ្រាមបិទបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៤។
សមាជិកការិយាល័យនយោបាយហាម៉ាស លោក Mousa Abu Marzouk បានជួបអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Mikhail Bogdanov នៅក្នុងទីក្រុងមូស្គូ។ លោក Marzouk គូសបញ្ជាក់ក្នុងជំនួបនោះថា «យើងបានពិភាក្សាពីបញ្ហា បង្រួបបង្រួមជាតិរបស់ប៉ាឡេស្ទីន និងការបង្កើតរដ្ឋាភិបាល ដែលគួរតែគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្រ្គាម»។ លោកថា ក្រុមហាម៉ាសបានស្នើដល់រុស្ស៉ី ជួយជំរុញលើកទឹកចិត្ត លោក Abbas ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ឱ្យចាប់ផ្តើមការចរចា អំពីរដ្ឋាភិបាលរួបរួមមួយ។
គួរបញ្ជាក់ថា លោក Abbas គឺជាប្រមុខដឹកនាំនៃអាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងនាមជារដ្ឋាភិបាលនៃដែនដីប៉ាឡេស្ទីន។ PA បង្កើតឡើងរយៈពេល ៣០ឆ្នាំមកហើយ ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលគេស្គាល់ថា Oslo Accords ហើយអនុវត្តការគ្រប់គ្រងមានកម្រិត លើផ្នែកខ្លះនៃតំបន់ West Bank ដែលប៉ាឡេស្ទីន ក៏ចង់ឱ្យក្លាយជាទឹកដី នៃរដ្ឋឯករាជ្យតែមួយ នាពេលអនាគតផងដែរ។
PA គ្រប់គ្រងដោយគណបក្ស Fatah និងមានទំនាក់ទំនងតានតឹង ជាមួយក្រុមហាម៉ាសយូរយារណាស់មកហើយ។ ចំណែក ហាម៉ាស ជាចលនាឥស្លាមនិយមគ្រប់គ្រង នៅតំបន់ហ្គាហ្សា ហើយភាគីទាំងពីរធ្លាប់ប្រយុទ្ធគ្នា ក្នុងសង្គ្រាមខ្លីមួយ មុនពេលគណបក្ស Fatah ត្រូវបានបណ្តេញចេញពីហ្កាហ្សា ក្នុងឆ្នាំ ២០០៧៕