(ប៉េកាំង)៖ សហគ្រាសចំនួនលើសពី ៣ ម៉ឺនសហគ្រាសបានចូលរួមក្នុងការតាំងពិព័រណ៍នៅនឹងកន្លែង ផលិតផលថ្មីចំនួនលើសពី ១ លានត្រូវបានដាក់តាំងបង្ហាញ ហើយអ្នកបញ្ជាទិញ នៅក្រៅប្រទេសចំនួនប្រហែល ១៥ សែននាក់បានចុះឈ្មោះ ក្នុងបញ្ជីទុកជាមុន ។ល។ ក្នុងនាមជា "កញ្ចក់" ឆ្លុះបញ្ចាំងពីពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ពិព័រណ៍ទំនិញនាំចេញនាំចូល នៃប្រទេសចិន (ពិព័រណ៍ Caton ) លើកទី ១៣៦ ដែលកំពុងធ្វើឡើងមានប្រជាប្រិយភាពយ៉ាងខ្លាំង ។

ពិព័រណ៍លើកនេះបានរៀបចំឡើងដោយចែកជា បីដំណាក់កាលនៅទីក្រុងក្វាងចូវពីថ្ងៃទី ១៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកា ។ សាលពិព័រណ៍មានទំហំសរុប ១,៥៥ លានម៉ែត្រការ៉េ មានស្តង់ពិព័រណ៍ចំនួន ៧ ម៉ឺន ៤ ពាន់ស្តង់ សហគ្រាសថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងអាជីវកម្មថ្មីបានលេចចេញជាច្រើន ហើយសហគ្រាសដែលចូលរួមក្នុង ការតាំងពិព័រណ៍ថ្មីមានចំនួនជិត ៤,៦០០ សហគ្រាស ។ ការដាក់តាំងបង្ហាញនៅនឹងកន្លែងក្នុងដំណាក់កាលដំបូង បានផ្ដោតលើ "ផលិតកម្មជឿនលឿន" ក្នុងចំណោមនោះ មានស្តង់សហគ្រាសដែលត្រូវបានហៅថាជា ផលិតកម្មកម្មន្តសាលជើងឯកនិងបច្ចេកវិទ្យាខ្ពស់ថ្មីថ្នាក់ជាតិជាដើម មានចំនួនលើសពី ១១០០០ ដែលកើនឡើង ៣៥,៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ គិតត្រឹមថ្ងៃទី ១០ ខែតុលា អ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១២ សែន ៥ ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ចំនួន ២០៣ បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មទុកជាមុន ហើយក្នុងចំណោមសហគ្រាស លក់រាយលំដាប់កំពូលទាំង ២៥០ លើទូទាំងពិភពលោកមានចំនួន ២២៣ សហគ្រាសបានប្រាកដថា នឹងចូលរួមពិព័រណ៍លើកនេះដែលកើនឡើង ២៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកមុន។

ក្នុងពិព័រណ៍លើកនេះ ពាណិជ្ជករចិននិងបរទេសបានសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងសកម្ម ហើយសន្ទស្សន៍គ្រប់ផ្នែកបានបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្ត្រម្តងទៀត ។ ពាណិជ្ជករបរទេសជាច្រើនបាននាំគ្នា ឈរមើលផលិតផលគុណភាពថ្មីរបស់ប្រទេសចិន ដូចជាមនុស្សយន្តខាងវិស័យឡូជីស្ទិក ដោយស្វ័យប្រវត្តិពេញលេញ ឧបករណ៍ម៉ាស៊ីនគ្រប់គ្រងដោយឌីជីថល និងកង់អ៊ីដ្រូសែនសាធារណៈជាដើម ហើយបាននាំគ្នាកោតសរសើរចំពោះ កិច្ចសហប្រតិបត្តិការបែបបើកចំហនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា។

លោក Chu Shijia ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន នៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា "បើមើលពីពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន ផលិតផលចិននិងម៉ាកយីហោចិនបានឈានដល់កម្រិតថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់" ។ ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពក្នុងការផ្តល់ផលិតផល ដែលផលិតដោយប្រទេសចិន និងផលិតផលដែលច្នៃប្រឌិត ដោយប្រទេសចិនកាន់តែច្រើន និងកាន់តែល្អដល់ពិភពលោក ។

ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិន បានរក្សាស្ថិរភាពជាទូទៅនិងមានការរីកចម្រើនជាលំដាប់ ។ ទិន្នន័យបង្ហាញឱ្យឃើញថា នៅបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញ របស់ប្រទេសចិនមានចំនួនដល់ទៅ ៣២,៣៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងចំណោមនោះ ការនាំចេញបានកើនឡើង ៦,២ ភាគរយ ការនាំចូលបានកើនឡើង ៤,១ ភាគរយ ។ មតិសាធារណៈអន្តរជាតិបានលើកឡើងថា ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញ និងការគាំពារនិយមផ្នែកពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លា ការដែលពាណិជ្ជកម្មជាមួយ បរទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនជាលំដាប់ដោយលើសពីការរំពឹងទុក វាគឺបានមកដោយមិនងាយទេ ។

នេះគឺដោយសារតែប្រទេសចិន មានខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកផលិតកម្មយ៉ាងពេញលេញ មានប្រសិទ្ធិភាពខាងសេដ្ឋកិច្ច ដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងវឌ្ឍនភាពខាងបច្ចេកវិទ្យា យ៉ាងឆាប់រហ័ស ។ ផលិតផលចិនមានភាពប្រកួតប្រជែងយ៉ាងខ្លាំង ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ ការពង្រីកទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានល្អប្រសើរ មានទីផ្សារធំទូលាយ មានភាពធន់និងសក្ដានុពលខ្លាំង បូករួមទាំងការអនុវត្តជាបន្តបន្ទាប់នូវគោលនយោបាយ ដែលមានស្រាប់និងគោលនយោបាយបន្ថែម កត្តាវិជ្ជមាននៃការអភិវឌ្ឍ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាសរបស់ពិភពលោក ។ ឆ្ពោះទៅរកអនាគត ប្រទេសចិននឹងបន្តចែករំលែក សក្តានុពលទីផ្សារដ៏ធំធេងរបស់ខ្លួន ភាពរស់រវើកនៃការច្នៃប្រឌិតថ្មី យ៉ាងផុលផុសនិងភាគលាភ នៃការអភិវឌ្ឍដ៏ខ្លាំងក្លាជាមួយ សហគមន៍អន្តរជាតិដើម្បីបំពេញបន្ថែមស្ថិរភាពកាន់តែច្រើន ដល់សេដ្ឋកិច្ចពិភពលោកតាមរយៈភាពប្រាកដប្រជា នៃសេដ្ឋកិច្ចរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន