(ប៉េកាំង)៖ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះ តបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូង បន្ទាប់ពីបណ្តាប្រទេស BRICS សម្រេចបាន នូវការបន្ថែមចំនួនរដ្ឋសមាជិក ជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ "កិច្ចសហប្រតិបត្តិការរវាងមហា BRICS" ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិ ចំនួនជាង៣០នឹងពិគ្រោះពិភាក្សារួមគ្នា អំពីផែនការគោលស្តពីការធ្វើ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួល និងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន តើហេតុអ្វីបានជា "BRICS" ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ? លោក Kirill Babaev ប្រធានវិទ្យាស្ថានស្រាវជ្រាវចិន និងអាស៊ីសម័យទំនើប របស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេស BRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មី នាពេលអនាគតរបស់មនុស្សជាតិ ដែលតំណាងឱ្យក្ដីសង្ឃឹ មរបស់ប្រជាជន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកល ប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុង ការជំរុញការពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីនានា"។

ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក ការធ្វើសកលភាវូបនីយកម្មបានជួបប្រទះ នឹងចរន្តបញ្ច្រាស ប្រទេសលោកខាងលិចមួយចំនួនតូច បានទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសជាទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ និងបង្កការបដិបក្ខគ្នាជាក្រុម ដើម្បីគោលបំណងខាងភូមិសាស្ត្រនយោបាយ។ មួយផ្នែកទៀត ប្រទេស "សកលខាងត្បូង" បានងើបឡើងវិញជាក្រុម ហើយបានក្លាយជាចរន្តយុគសម័យ ដែលមិនអាចបកក្រោយវិញបាន។ ក្នុងបរិបទបែបនេះ ក្នុងនាមជាវេទិកាសំខាន់ សម្រាប់ប្រទេស "សកលខាងត្បូង" ពិគ្រោះពិភាក្សារួមគ្នាអំពីកិច្ចសហប្រតិបត្តិការ និងការស្វែងរកការអភិវឌ្ឍរួមគ្នា យន្តការសហប្រតិបត្តិការរ វាងប្រទេស BRICS កាន់តែមានតម្លៃយុគសម័យ។ "ស្មារតី BRICS" ស្តីពីការបើកចំហ បរិយាបន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដែលយន្តការនេះ ប្រកាន់ខ្ជាប់នោះ កាន់តែមានកម្លាំងទាក់ទាញទៅទៀត។

ទន្ទឹមនឹងនេះ យន្តការសហប្រតិបត្តិការនេះ បានសមស្របតាមសំណូមពររបស់ប្រទេសកំពុងអភិវឌ្ឍន៍ យ៉ាងទូលំទូលាយក្នុងការសម្រេចបាន នូវការអភិវឌ្ឍរួម។ នៅខែមករា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូពីបានចូលជាសមាជិកជាផ្លូវការ ចំនួនប្រជាជននៃបណ្តាប្រទេសជាសមាជិក "មហា BRICS" គឺត្រូវជាពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកទាំងមូល ហើយអត្រារួមចំណែកចំពោះ កំណើនសេដ្ឋកិច្ចពិភពលោក នឹងលើសពី៥០ភាគរយ ទំហំសេដ្ឋកិច្ចសរុបបានលើសពីប្រទេស G7 បើគណនាតាមកម្លាំងបញ្ជាទិញ "មហា BRICS" មានសមត្ថភាពរួមចំណែកកម្លាំងកាន់តែច្រើន សម្រាប់ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះទេ យន្តការសហប្រតិបត្តិការរវាងប្រទេស BRICS ក៏បានផ្តល់វេទិកានិងឱកាសដល់ប្រទេសនានា ក្នុងការចូលរួមអភិបាលកិច្ចសកលផងដែរ។ នៅពេលអនាគត ស្របពេលដែលប្រទេសកាន់តែច្រើនស្នើសុំចូលរួម តួនាទីប្រកបដោយវិជ្ជមាន ស្ថិរភាពនិងសប្បុរសក្នុងកិច្ចការអន្តរជាតិរបស់ "មហា BRICS" នឹងកាន់តែមានភាពលេចធ្លោ ហើយកម្លាំងដែលការពារពហុប៉ូលភាវូបនីយកម្ម និងពហុភាគីនិយមលើពិភពលោក នឹងកាន់តែខ្លាំងក្លាឥតឈប់ឈរ។

យើងអាចរំពឹងទុកថា ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីចិន និងរដ្ឋសមាជិក BRICS ដទៃទៀត កិច្ចប្រជុំកំពូលលើកនេះ នឹងបំពេញបន្ថែមនូវស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើន ដល់ពិភពលោកដែលមានភាពច្របូកច្របល់ និងជំរុញបន្ថែមទៀត នូវការរីកចម្រើនរួមគ្នានៃប្រទេស "សកលខាងត្បូង"។ អនាគតនៃ "កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស BRICS" គួរឱ្យរំពឹងទុក!

វិទ្យុមិត្តភាពកម្ពុជាចិន