(កាហ្សាន)៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ បានក្លាយជាប្រទេសដៃគូ របស់ BRICS ដែលជាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ប្រទេសទាំង ៤ នេះ បានចូលរួមជាមួយប្រទេសចំនួន ៩ ផ្សេងទៀត ដែលត្រូវបានប្រកាស ជាដៃគូ BRICS ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។
ម៉ាឡេស៊ីខ្លួនសង្ឃឹមថា ការចូលរួមនេះនឹងនាំមកនូវឱកាសពាណិជ្ជកម្មថ្មីៗ និងជួយពង្រឹងទំនាក់ទំនង ជាមួយប្រទេស BRICS។ ឥណ្ឌូនេស៊ីវិញបានប្រកាសថា ខ្លួននឹងជំរុញឱ្យមានសន្តិភាពនិងសាមគ្គីភាព ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ វៀតណាម និងថៃ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយ BRICS ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា ក្រុម BRICS ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ដោយមានប្រទេសចំនួន ៤ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ អាហ្វ្រិកខាងត្បូងបានចូលរួមក្នុងឆ្នាំ ២០១០។ នៅឆ្នាំនេះ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ក៏បានក្លាយជាសមាជិក BRICS ផងដែរ។ ក្រុមនេះត្រូវបានគេមើលឃើញថា ជាការប្រឆាំង ទៅនឹងឥទ្ធិពលរបស់លោកខាងលិចនៅក្នុងពិភពលោក៕