(វ៉ាស៊ីនតោន)៖ នៅក្នុងខែតុលានេះ ចិន និងកូរ៉េខាងជើង បានផ្ញើសារអបអរសាទរគ្នាទៅវិញទៅមកនាឱកាសនៃការប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៧៥ ជាមួយការគូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងស្អិតល្មួតប្រៀបដូចជា «បបូរមាត់ និងធ្មេញ»។ ប៉ុន្តែ ការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការបញ្ជូនកងទ័ពទៅរុស្ស៉ី ដើម្បីត្រៀម ដាក់ពង្រាយទៅជួយកងទ័ពរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការថាជាការពិតដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទីពុធ ទី២៣ ខែតុលា នឹងក្លាយជាការធ្វើតេស្តមួយលើទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន។
តាមពិតទៅ ចិនធ្លាប់ត្រូវបានគេមើលឃើញថាបានខកចិត្តជារឿយៗចំពោះទង្វើរបស់កូរ៉េខាងជើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ តាមរយៈការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ព្រមទាំងការគំរាមកម្ទេចកូរ៉េខាងត្បូង។ បច្ចុប្បន្ន កូរ៉េខាងជើងបានរងការចោទប្រកាន់មួយករណីទៀត នោះគឺដុតបញ្ឆេះជម្លោះនៅអឺរ៉ុបដែលក្រុមអ្នកវិភាគលោកខាងលិច ជឿថានឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ប្រឆាំងនឹងបក្សសម្ព័ន្ធប្រឆាំងលោកខាងលិចដឹងនាំដោយចិន និងរុស្ស៉ី។
ចិនកន្លងមក បានប្រឹងប្រែងបង្ហាញឱ្យពិភពលោកមើលឃើញថាខ្លួនឯងជាប្រទេសស្រឡាញ់សន្តិភាព ផ្ទុយពីសហរដ្ឋអាមេរិកដែលប៉េកាំងចោទថាកំពុងព្យាយាមបង្កសង្រ្គាមត្រជាក់ថ្មីមួយ។ ម្លោះហើយ ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅប្រយុទ្ធនៅអ៊ុយក្រែន ចង់ ឬមិនចង់ នឹងទុកឱ្យចិនត្រូវប្រឈមមុខនឹងសម្ពាធពីលោកខាងលិច ជាពិសេសខាងការទូត ហើយមិនតែប៉ុណ្ណោះ វត្តមានកងទ័ពកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាយោធាតែមួយគត់របស់ប៉េកាំងទៀតសោត ក៏អាចនឹងបំផ្លាញការសាបព្រោះគោលគំនិតរបស់ចិនជាប្រទេសស្រឡាញ់សន្តិភាពផងដែរ ប្រសិនបើចិននៅស្ងៀមមិនធ្វើអ្វីសោះ។ លើសពីនេះទៅទៀត បើតាមក្រុមអ្នកវិភាគ ការព្រួយបារម្ភដ៏ធំរបស់ថ្នាក់ដឹកនាំចិន នោះគឺការផ្ទេរបច្ចេកវិទ្យាយោធាពីរុស្ស៉ីទៅឱ្យកូរ៉េខាងជើងជាថ្នូរទៅនឹងការបញ្ជូនទ័ពទៅអ៊ុយក្រែន។ នៅត្រង់ចំណុចនេះ កូរ៉េខាងជើងអាចនឹងកាន់តែបានចិត្តនៅក្នុងការធ្វើសកម្មភាពបង្ករឿងជាមួយកូរ៉េខាងត្បូង ឬជប៉ុន ហើយក្នុងពេលដំណាលគ្នា វានឹងកាត់បន្ថយសមត្ថភាពរបស់ចិន ក្នុងការអនុវត្តឥទ្ធិពល លើកូរ៉េខាងជើងដែលពឹងផ្អែកលើចិនផ្នែកពាណិជ្ជកម្ម និងជំនួយ។
សកម្មភាពរបស់កូរ៉េខាងជើង ក៏បានចូលរួមចំណែករួចទៅហើយដែរ ជាកត្តាមួយជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាន់តែខិតជិតគ្នា ជាមួយការបង្កើតសម្ព័ន្ធភាពត្រីភាគីដែលត្រូវបានចុះហត្ថលេខានៅជំរំ Camp David កាលពីឆ្នាំ២០២៣។ សន្ធិសញ្ញាត្រីភាគីនេះឯងត្រូវបានចិនចាត់ទុកថា « NATO អាស៊ី» ធ្វើឱ្យប៉េកាំងកាន់តែយល់ថា ខ្លួនត្រូវបានហ៊ុមព័ទ្ធដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ លោក Victor Cha ជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Georgetown បាននិយាយថា «ចិនសព្វថ្ងៃហាក់កំពុងកៀបនៅចំកណ្ដាល។ ខណៈលោកខាងលិចកំពុងព្យាយាមធ្វើឱ្យរុស្ស៉ីឯកោ ចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២មក»។ លោកបន្ថែមថាទីក្រុងប៉េកាំងក៏ប្រហែលជាមិនដឹងត្រូវធ្វើយ៉ាងមេចនោះដែរ ក្នុងការគ្រប់គ្រងកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីជួយរុស្ស៉ី។ បើតាមអ្នកជំនាញរូបនេះដដែល ចិនហាក់កំពុងស្ថិតនៅចន្លោះរវាងចំណុចគាំងរើខ្លួនមិនរួច និងមិនអាចអ្វីបាន ហើយស្របពេលចិនកំពុងគាំទ្រកិច្ចប្រឹងប្រែងរបស់រុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែនដោយប្រយោល ចិនក៏មិនសប្បាយចិត្តនោះដែរចំពោះការលូកដៃរបស់កូរ៉េខាងជើង។ ពីព្រោះថាក្នុងបរិបទបែបនេះវាគ្មានរឿងល្អណាមួយសម្រាប់ចិនទេ ទាំងក្នុងរយៈពេលខ្លី ឬរយៈពេលវែង។ ម្យ៉ាងវាកាន់តែធ្វើឱ្យគេរឹតតែសង្ស័យថាតើចិនដឹង ឬមិនដឹងជាមុនពីផែនការរបស់កូរ៉េខាងជើង ដូចគ្នាទៅនឹងការសង្ស័យថាចិនដឹង ឬមិនដឹងជាមុនថារុស្ស៉ីមានផែនការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោក ពូទីន បានជួបជាមួយលោក ស៊ី ជីនពីងនៅក្នុងទីក្រុងប៉េកាំង?
គួរបញ្ជាក់ថា ចិនមិនបានធ្វើអត្ថាធិប្បាយនោះទេពីសេចក្ដីរាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៉ី ដោយគ្រាន់តែនិយាយថាខ្លួនសង្ឃឹមថាគ្រប់ភាគីទាំងអស់នៅក្នុង ជម្លោះនឹងបន្ធូរបន្ថយ និងធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយ។ សហរដ្ឋអាមេរិកបាននិយាយថាចិនមានសមត្ថភាពអាចជួយបិទបញ្ចប់សង្រ្គាមដោយបញ្ឈប់ ការគាំទ្ររុស្ស៉ី ក្នុងនោះរួមមានទាំងការបញ្ឈប់ការផ្គត់ផ្គង់បច្ចេកវិទ្យាប្រើប្រាស់បានទាំងស៊ីវិល និងយោធា រួមទាំងបញ្ឈប់ការទិញប្រេងក្នុងបរិមាណច្រើនពីរុស្ស៉ី។ ប៉ុន្តែទាំងរុស្ស៉ី និងកូរ៉េខាងជើង បានបដិសេធចោលសេចក្ដីរាយការណ៍ពីការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅរុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយទៅប្រយុទ្ធនៅអ៊ុយក្រែន៕