(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការចូលរួមជាមួយ BRICS ដែលជាសមាគមប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន ដោយបើតាមក្រសួងការបរទេសឥណ្ឌូណេស៉ី ដំណើរការចូលជាសមាជិកបានចាប់ផ្តើមហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ីថ្មី លោក Sugiono គូសបញ្ជាក់ថា «ការចូលរួមរបស់ឥណ្ឌូណេស៉ី ជាមួយ BRICS គឺជាការបង្ហាញ ពីគោលនយោបាយការបរទេសដ៏សកម្ម និងឯករាជ្យរបស់ខ្លួន។ នោះមិនបានន័យថា យើងចូលរួមតែមួយប្លុកទេ ប៉ុន្តែយើងចូលរួមនៅគ្រប់វេទិការទាំងអស់»។ លោក Sugiono បានឱ្យដឹងបន្ថែមថា BRICS សាកសមនឹងកម្មវិធីសំខាន់ៗនៃរដ្ឋាភិបាលរបស់ លោក Prabowo Subianto ជាពិសេសទាក់ទងនឹង សន្តិសុខស្បៀង ថាមពល ការលុបបំបាត់ភាពក្រីក្រ និងការរីកចម្រើននៃធនធានមនុស្ស។ ឥណ្ឌូណេស៉ី មើលឃើញថា BRICS ជាមធ្យោបាយឆ្ពោះ ទៅរកផលប្រយោជន៍ពីលោកខាងត្បូង (Global South)។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ជាប្រទេសមានប្រជាជនច្រើនជាងគេទី ៤របស់ពិភពលោក ដែលប្រកាន់គោលនយោបាយការបរទេស មិនចូលបក្សសម្ព័ន្ធ។ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី លោកប្រធានាធិបតី Prabowo បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា លោកនឹងធ្វើជាមិត្តជាមួយប្រទេសទាំងអស់ មិនថាចិន ឬសហរដ្ឋអាមេរិក ហើយឥណ្ឌូណេស៉ី នឹងមិនចូលរួមក្នុងប្លុកយោធាណាមួយឡើយ៕