(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បាននិយាយថា វៀតណាមត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយក្រុម BRICS ស្របពេលដែលរូបលោក បានចូលរួម កិច្ចប្រជុំកំពូលរបស់ប្លុកនេះជាលើកដំបូង ក្នុងសប្តាហ៍នេះ ហើយបានបើកកិច្ចពិភាក្សាជាមេដឹកនាំរុស្ស៉ីនិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះជាបែបនេះក៏ដោយ លោក Chinh មិនបានលើកឡើងចំៗថា វៀតណាមមានចំណាប់អារម្មណ៍ ចង់ចូលរួមជាសមាជិក BRICS តែម្តងឡើយ ខណៈបើធ្វើដូច្នោះ វាអាចនឹងជួយឱ្យវៀតណាម កាន់តែជិតស្និទ្ធថែមទៀតជាមួយចិននិងរុស្ស៉ី ប៉ុន្តែទន្ទឹមគ្នា ក៏អាចប៉ះពាល់ដល់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ផងដែរ។
ដោយឡែក មន្រ្តីវៀតណាមម្នាក់ បានប្រាប់ Reuters នៅមុនកិច្ចប្រជុំកំពូល BRICS ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Kazan នៃប្រទេសរុស្ស៉ី និងបញ្ចប់ទៅវិញ កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមចាប់អារម្មណ៍ ចង់ចូលរួមជាមួយ BRICS ប៉ុន្តែមិនច្បាស់ថា នៅពេលណា ឬចូលរួមក្នុងកម្រិតណាឡើយ។ ចំណែកឯ មន្រ្តីម្នាក់មកពីប្រទេស BRICS មួយ ក៏បានបង្ហើបឱ្យដឹងដែរថា វៀតណាមបានបង្ហាញចំណាប់អារម្មណ៍ ចង់ចូលរួមជាដៃគូរបស់ BRICS ដែលជាជំហានមួយ អាចឆ្ពោះទៅរកសមាជិកភាព។
គួរបញ្ជាក់ថា បច្ចុប្បន្នសមាជិក BRICS រួមមានចិន រុស្ស៉ី ឥណ្ឌា ប្រេស៉ីល អាហ្រ្វិកខាងត្បូង អ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។ កាលពីថ្ងៃព្រហស្បតិ៍ BRICS បានប្រកាសទទួលស្គាល់ ប្រទេសចំនួន១៣ផ្សេងទៀត ក្នុងនាមជាដៃគូ រួមមានម៉ាឡេស៉ី ឥណ្ឌូណេស៉ី ថៃ វៀតណាម អាល់ហ្សេរី បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្កង់ដា និង អ៊ូសបេគីស្ថាន៕