(KAZAN)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទំនាក់ទំនងរបស់លោក ជាមួយសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី គឺនឹងអាស្រ័យទៅលើថា តើទីក្រុងវ៉ាស៉ីនតោន នឹងប្រកាន់ឥរិយាបថបែបណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូចខាងលើ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan ជាទីដែលរូបលោកបានប្រឈមមុខជាមួយ ការអំពាវនាវពីសំណាក់ សម្ព័ន្ធមិត្តសំខាន់ៗបំផុតមួយចំនួនរបស់រុស្ស៉ី ដែលចង់ឱ្យការប្រយុទ្ធគ្នានៅអ៊ុយក្រែន បិទបញ្ចប់ទៅវិញ ក្រោយអូសបន្លាយ ចាប់តាំងពីឆ្នាំ២០២២មក។
លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តើទំនាក់ទំនងរុស្ស៉ី-អាមេរិក នឹងអភិវឌ្ឍទៅជាយ៉ាងណាទៀតនោះ ក្រោយការបោះឆ្នោតប្រធានាធិបតី គឺនឹងអាស្រ័យទៅលើសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប្រសិនបើពួកគេបើកចិត្តទូលាយ នោះយើងក៏នឹងបើកចិត្តទូលាយដែរ ហើយប្រសិនបើពួកគេចង់ធ្វើបែបនោះទេ យើងក៏មិនមានបញ្ហាអ្វីដែរ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរ បានធ្លាក់ចុះខ្លាំងដល់កម្រិតដ៏ទាបបំផុតមួយ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាដើមខែក្រោយនេះ ត្រូវគេមើលឃើញថា មានសារសំខាន់ជាខ្លាំង ចំពោះអនាគតនៃទំនាក់ទំនងរុស្ស៉ី-ចិន ក៏ដូចជាជម្លោះនៅអ៊ុយក្រែន។ ក្នុងការបោះឆ្នោតនោះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនបក្សសាធារណរដ្ឋ នឹងត្រូវប្រកួតប្រជែងជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ៕