(ញូវដេលី)៖ អាជ្ញាធរនិយាយថា ព្យុះសីក្លូនត្រូពិក បានបោកបក់មកលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ បណ្តាលឱ្យបាក់រលំដើមឈើ បង្គោលភ្លើង និងទឹកជន់លិចតំបន់មួយចំនួន ខណៈមិនមានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយកដ្ឋានឧតុនិយម បានឱ្យដឹងថា ព្យុះស៉ីក្លូន Dana ធ្លាក់ចុះមកលើរដ្ឋ Odisha ពេញមួយយប់ថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ពី ១០០ទៅ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបានចុះខ្សោយទៅជាព្យុះស៉ីក្លូនត្រូពិក នៅវេលាថ្ងៃត្រង់។ គេរំពឹងថា ព្យុះនេះនឹងចុះខ្សោយបន្ថែមទៀត មកជាការធ្លាក់ភ្លៀងខ្លាំង នៅពេលរសៀល។
រដ្ឋ Odisha បានបិទសាលារៀនបណ្តោះអាសន្ន ផ្អាកជើងហោះហើរទៅ និងចូលមកទីក្រុង Bhubaneswar មកទល់នឹងព្រឹកថ្ងៃសុក្រនេះ ហើយក៏មានការជម្លៀសប្រជាជនជាងកន្លះលាននាក់ ដោយសារតែការព្យាករនៃព្យុះ។ តាមប្រធានរដ្ឋបាលក្រុង លោក Dilip Routrai «មិនមានរបាយការណ៍នៃគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិនោះទេ ដោយគ្រាន់តែបំផ្លិចបំផ្លាញដើមឈើ និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ព្យុះភ្លៀង តែងបោកបក់មកលើឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលជាប្រទេសជិតខាង ក្នុងរដូវកាលព្យុះស៉ីក្លូន ចាប់ពីខែមេសា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ បង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ៕