(ខាន់យូនីស)៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ជនរងគ្រោះភាគច្រើនជាស្ត្រីនិងកុមារ។ ការវាយប្រហារនេះក៏បានបំផ្លាញផ្ទះជាច្រើនខ្នងផងដែរ។ ទោះជាយ៉ាងណាអ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់នេះបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។
ក្រៅពីនេះ កងកម្លាំងអ៊ីស្រាអែលក៏បានវាយឆ្មក់ចូលមន្ទីរពេទ្យមួយ នៅភាគខាងជើងតំបន់ហ្គាហ្សា និងបានបញ្ជាឱ្យបុគ្គលិកនិងអ្នកជំងឺជម្លៀសចេញ។ មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យចំនួនបីដែលនៅសល់នៅក្នុងតំបន់នោះ។ ក្រុមគ្រូពេទ្យបានបដិសេធមិនព្រមជម្លៀសចេញ ដោយនិយាយថា ពួកគេមិនអាចទុកឱ្យអ្នកជំងឺគ្មានការថែទាំបានទេ៕