(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ បានអះអាងថាខ្លួនបានបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធាជាការសងសឹកទៅ នឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ត្រូវបានគេរំពឹងទុករួចជាមុនទៅហើយ បន្ទាប់ពីមេដឹកនាំអ៉ីស្រាអែលព្រមានថាត្រូវតែសងសឹកអ៉ីរ៉ង់វិញ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដោយប្រើមីស៊ីលបាលិស្ទីគប្រហែលជិត២០០គ្រាប់ ហើយដែលនេះជាការវាយប្រហារដោយផ្ទាល់ជាលើទី២ ប្រឆាំងអ៉ីស្រាអែលក្នុងរយៈពេល ៦ខែ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងការពារអ៉ីស្រាអែល IDF បានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងការវាយប្រហារពីរបបដឹកនាំក្នុងប្រទេសអ៉ីរ៉ង់ ប្រឆាំងនឹងអ៉ីស្រាអែល ឥលូវ កងកម្លាំងការពារអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅជាក់លាក់លើទីតាំងយោធានៅក្នុងប្រទេសអ៉ីរ៉ង់»។ IDF បន្ថែមទៀតថា «សមត្ថភាព ការពារ និងវាយលុករបស់យើង គឺត្រៀមលក្ខណៈយ៉ាងពេញលេញ»។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីទំហំខូចខាតនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានបន្លឺសំឡេងឡើងនៅជុំវិញរដ្ឋធានីតេហេរ៉ង់ រួមទាំងទីក្រុង Karaj។ អ៉ីរ៉ង់ក៏ធ្លាប់បានគំរាមផងដែរ នឹងសងសឹកអ៉ីស្រាអែលវិញ ប្រសិនបើអ៉ីស្រាអែលហ៊ានវាយប្រហារលើខ្លួន ដែលជាការសងសឹកខ្លាំងបំផុត៕