(ម៉ានីល)៖ កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែតុលា អាជ្ញាធរនៅប្រទេសហ្វីលីពីន បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក Trami បានបន្តកើនដល់យ៉ាងហោច៨២នាក់។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ព្យុះ Trami បានបោកបក់ចេញផុតពីហ្វីលីពីន កាលពីថ្ងៃសុក្រ ប៉ុន្តែមនុស្សជាច្រើននាក់ នៅបន្តព្រាត់ប្រាសពីលំនៅដ្ឋាន ក្រោយរត់ភៀសខ្លួនពីទឹកជំនន់បង្កឡើងដោយព្យុះ ហើយជាច្រើននាក់ផ្សេងទៀត នៅជាប់លើដំបូលផ្ទះពួកគេ និងស្នើសុំការជួយសង្រ្គោះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន មនុស្សសរុបជាង២.៦លាននាក់ បានរងផលប៉ះពាល់ពីព្យុះ Trami ខណៈជិត៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ទៅជ្រកកោន តាមមជ្ឈមណ្ឌលជម្លៀសខ្លួន និងផ្ទះរបស់សាច់ញាតិ ដើម្បីសុវត្ថិភាព។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយ ដែលជាធម្មតាទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ ហើយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលជារឿយៗបណ្តាលឱ្យមានមនុស្សស្លាប់៕