(វ៉ាស៉ីនតោន)៖ បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារសងសឹកលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធា សហរដ្ឋអាមេរិក បានចេញមុខនិយាយថា វាគឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់អ៉ីស្រាអែល ឆ្លើយតបការវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់ កាលពីដើមខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Sean Savett បាននិយាយថា ការវាយប្រហារដោយកំណត់គោលដៅច្បាស់លាស់លើទីតាំងយោធានោះ គឺជាសកម្មភាពអនុវត្តសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល និងជាការឆ្លើយតបចំពោះការវាយប្រហារដោយមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ដោយឡែក បើតាមមន្រ្តីការពារជាតិអាមេរិកមួយរូប សហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងជាមុនអំពីការវាយប្រហាររបស់អ៉ីស្រាអែល ហើយពុំមានការជាប់ពាក់ព័ន្ធពីអាមេរិកឡើយ។
ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ត្រូវបានគេរំពឹងទុកមុនប៉ុន្មានសប្តាហ៍មកហើយ បន្ទាប់ពីមេដឹកនាំអ៉ីស្រាអែល ព្រមានថាត្រូវតែសងសឹកអ៉ីរ៉ង់វិញ សម្រាប់ការបាញ់ស្រោចមីស៊ីល លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដោយប្រើមីស៊ីលបាលិស្ទីគប្រហែលជិត២០០គ្រាប់ ហើយដែលនេះជាការវាយប្រហារដោយផ្ទាល់ជាលើកទី២ ប្រឆាំងអ៉ីស្រាអែលក្នុងរយៈពេល ៦ខែ។
គួរបញ្ជាក់ថា មិនទាន់មានសេចក្ដីរាយការណ៍ពីទំហំខូចខាតនៅឡើយទេ ក្រោយការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់។ បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានបន្លឺសំឡេង ឡើងនៅជុំវិញរដ្ឋធានីតេហេរ៉ង់ រួមទាំងទីក្រុង Karaj ប៉ុន្តែបានអះអាងថា សំឡេងផ្ទុះទាំងនោះ បង្កឡើងដោយប្រព័ន្ធការពារដែនអាកាស ដែលធ្វើសកម្មភាពបាញ់ស្ទាក់ ការវាយប្រហាររបស់អ៉ីស្រាអែល។ អ៉ីរ៉ង់ក៏ធ្លាប់បានគំរាមផងដែរ នឹងសងសឹកអ៉ីស្រាអែលវិញ ប្រសិនបើអ៉ីស្រាអែល ហ៊ានវាយប្រហារលើខ្លួន ដែលជាការសងសឹកខ្លាំងបំផុត៕