(កៀវ)៖ ប្រភពពីមន្រ្តីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រ ទី២៥ ខែតុលាថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបដិសេធចំពោះ បំណងធ្វើទស្សនកិច្ច របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres មកកាន់អ៊ុយក្រែន ដោយសារតែលោក Guterres បានទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលរុស្ស៉ីបានធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងកិច្ចប្រជុំ BRICS ដែលត្រូវបានរៀបចំឡើង ក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៉ី លោក Guterres កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវរកសន្តិភាព ដែលមានយុត្តិធម៌នៅអ៊ុយក្រែន ក្នុងសុន្ទរកថាមួយ នៅចំពោះមុខប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយអស់រយៈពេល ជាង២ឆ្នាំកន្លះមកហើយ។ លោក Guterres ក៏បានបើកកិច្ចពិភាក្សាផ្ទាល់ ជាមួយលោក ពូទីន ផងដែរ ហើយលោកបានលើកឡើងគោលជំហរដដែលថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ជាទង្វើរំលោភធម្មនុញ្ញរបស់ UN និងច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា វត្តមានរបស់ប្រមុខ UN នៅទីក្រុង Kazan បានរងការរិះគន់ពីសំណាក់អ៊ុយក្រែន ជាពិសេសដោយសារតែរូបលោក បានសម្រេចចិត្តមិនទៅចូលរូម កិច្ចប្រជុំស្តីពីសន្តិភាព ដែលទីក្រុងកៀវ បានខិតខំផ្តួចផ្តើមរៀបចំឡើង នៅឯប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំនេះ។ បើតាមប្រភពខាងលើ លោក Guterres មានបំណងចង់ធ្វើទស្សនកិច្ចមកកាន់អ៊ុយក្រែន ក្រោយចាកចេញពីទីក្រុង Kazan៕