(ញូវដែលី)៖ កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឥណ្ឌានិងចិនបាននិយាយថា ភាគីទាំងពីរបានចាប់ផ្តើមអនុវត្ត កិច្ចព្រមព្រៀង ដែលមានគោលដៅបញ្ចប់ទាំងស្រុង នូវការប្រឈមមុខយោធាដាក់គ្នា នៅព្រំដែនជម្លោះ នៃតំបន់ជួរភ្នំហិម៉ាល័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កងទ័ពនៃប្រទេសទាំងពីរ បានចាប់ផ្តើមដំណើរការដកចេញពី ចំណុចប្រឈមមុខគ្នា ២កន្លែងចុងក្រោយ នៅភាគខាងលិចតំបន់ជួរភ្នំហិម៉ាល័យ ហើយបើតាមការរំពឹងទុក ដំណើរការនោះនឹងបញ្ចប់ជាស្ថាពរ នៅត្រឹមចុងខែនេះ។ ឥណ្ឌានិងចិន ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ សម្រេចបានកិច្ចព្រមព្រៀងមួយ ស្តីពីការល្បាតព្រំដែន ដែលបានបើកផ្លូវ សម្រាប់កិច្ចពិភាក្សាផ្លូវការលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ រវាងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល BRICS ក្នុងប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា កាលពីជាង២ឆ្នាំមុន ភាគីទាំងពីរ ធ្លាប់បានដកកងទ័ពចេញពីចំណុចប្រឈមមុខគ្នា ៥កន្លែងផ្សេងទៀត។ ទំនាក់ទំនងរវាងទីក្រុងញូវដែលី និងទីក្រុងប៉េកាំង បានធ្លាក់ដុនដាបខ្លាំង ដោយសារតែការប៉ះទង្គិចយោធា កាលពីឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់ នៅតំបន់ជ្រលង Galwan Valley៕