(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងការពារដែនអាកាសអ៉ីរ៉ង់ បានទទួលស្គាល់ ការវាយប្រហារពីសំណាក់អ៉ីស្រាអែល មកលើមូលដ្ឋានយោធា នៅក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងនៅទីក្រុងមួយចំនួនទៀត ប៉ុន្តែបានអះអាងថា ការវាយប្រហារនោះ បានបង្កការខូចខាតមិនធ្ងន់ធ្ងរទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយបើកការវាយប្រហារប៉ុន្មានជុំ ដោយប្រើក្រុមយន្តហោះចម្បាំង យោធាអ៉ីស្រាអែល បានប្រកាសថា ប្រតិបត្តិការរបស់ខ្លួន ប្រឆាំងគោលដៅយោធានៅប្រទេសអ៉ីរ៉ង់ បានបញ្ចប់ទៅវិញ ប៉ុន្តែបានព្រមានថា អ៉ីរ៉ង់មុខជានឹងត្រូវបង់តម្លៃធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើនជម្លោះបន្ថែមទៀត។ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល យោធាអ៉ីរ៉ង់បានចេញមុខអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ជោគជ័យក្នុងការទប់ទល់ការវាយប្រហារ មកលើគោលដៅយោធា នៅតំបន់ចំនួន៣ រួមមាន Tehran, Khuzestan, Ilam ហើយការខូចខាត ដែលបង្កឡើង គឺមិនមានកម្រិតធ្ងន់ធ្ងរឡើយ។
ក្នុងថ្ងៃដដែលនេះ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរឹងមាំបំផុតរបស់អ៉ីស្រាអែល បានអំពាវនាវឱ្យអ៉ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៉ីស្រាអែល ដើម្បីបំបែកវដ្តនៃការសងសឹកគ្នា និងកុំឱ្យជម្លោះកាន់តែកើនឡើងកម្តៅខ្លាំងថែមទៀត។ ទីក្រុងវ៉ាស៉ីនតោន និយាយថា ការវាយប្រហារអ៉ីស្រាអែល គឺជាការអនុវត្តសិទ្ធិការពារខ្លួន និងជាពិសេសនោះ បានចៀសវាង តំបន់មានមនុស្សរស់នៅច្រើន ដោយផ្តោតតែទៅលើគោលដៅយោធាប៉ុណ្ណោះ ផ្ទុយពីការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលបានកំណត់គោលដៅលើទីក្រុងមានមនុស្សរស់នៅ ច្រើនបំផុតរបស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែល ត្រូវបានគេរំពឹងទុករួចជាមុន ប៉ុន្មានសប្តាហ៍មកហើយ បន្ទាប់ពីមេដឹកនាំអ៉ីស្រាអែល បានព្រមានថា ចាំបាច់ត្រូវតែសងសឹកអ៉ីរ៉ង់វិញ សម្រាប់ការបាញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដោយប្រើមីស៊ីលបាលិស្ទីគ ប្រហែលជិត២០០គ្រាប់។ កាលពីពេលនោះ មីស៉ីលភាគច្រើនរបស់អ៉ីរ៉ង់ ត្រូវបានចាប់ស្ទាក់ដោយ ប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល។ វាគឺជាការវាយប្រហារដោយផ្ទាល់ ជាលើកទី២របស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល ក្នុងរយៈពេល ៦ខែ ចំពោះការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅលីបង់ ដែលសុទ្ធតែជាចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់។ អ៉ីរ៉ង់ធ្លាប់បានគំរាមថា នឹងសងសឹកអ៉ីស្រាអែលវិញ ប្រសិនបើអ៉ីស្រាអែលហ៊ានវាយប្រហារលើខ្លួន៕