(ប៉េកាំង)៖ នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី១៦ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើដោយជោគជ័យនៅក្រុង Kazan ប្រទេសរុស្ស៊ី។ ក្នុងកិច្ចប្រជុំកំពូលជាលើកដំបូង បន្ទាប់ពីប្រទេស BRICS បានពង្រីកចំនួនសមាជិក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថា គួរកសាងប្រទេស BRICS ឱ្យក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការនៃ “ប្រទេសសកលខាងត្បូង” និងជាកម្លាំងឈានមុខ សម្រាប់ជំរុញការធ្វើនវានុវត្តន៍ ខាងអភិបាលកិច្ចសកល លោកបានផ្តួចផ្តើមឱ្យបណ្តាភាគីនានាពួតដែគ្នាដើម្បីកសាង “BRICS ប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICS ប្រកបដោយភាពបៃតង” “BRICS ប្រកបដោយភាពយុត្តិធម៌” និង “BRICSប្រកបដោយវប្បធម៌មនុស្សជាតិ” ព្រមទាំងបានប្រកាសវិធានការជាក់លាក់មួយចំនួន ដែលបានញ៉ាំងឱ្យសហគមន៍អន្តរជាតិ នាំគ្នាពិភាក្សាយ៉ាងក្ដៅគគុក។

លោក Ding Xiaoxing ប្រធានមន្ទីរស្រាវជ្រាវអំពីអឺរ៉ាស៊ីនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីទំនាក់ទំនងអន្តរជាតិសម័យទំនើប របស់ប្រទេសចិនបានវិភាគថា មិនថាឆ្លើយតបនឹងបម្រែបម្រួល និម្មាបនកម្មក្នុងយុគសម័យ ឬមួយក៏សម្របខ្លួននឹងបម្រែបម្រួលថ្មី នៃយន្តការBRICS ក៏ដោយ ក៏សុទ្ធតែត្រូវធ្វើការរចនាពីលំដាប់កំពូល និងគ្រោងផែនការអំពីអនាគតអភិវឌ្ឍន៍នៃ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ” ដោយឈរលើមុំយុទ្ធសាស្ត្រ។ សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញពីទិសដៅនិងផ្លូវអភិវឌ្ឍរបស់ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ” ដែលបានបង្ហាញឱ្យឃើញ នូវតួនាទីណែនាំ របស់ប្រទេសចិនជាប់រហូតមក ក៏ដូចជាបានរួមចំណែកជាផែនការចិនក្នុងការជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ” ផងដែរ។

បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចសរុបរបស់ “ក្រុមគ្រួសារធំនៃប្រទេស BRICS” ប្រហែលត្រូវជា៣០ភាគរយនៃពិភពលោកទាំងមូល មានចំនួនប្រជាជនជិតពាក់កណ្តាលនៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មត្រូវជា១ភាគ៥នៃទូទាំងពិភពលោក។ “ប្រទេស BRICS” មានទំហំសេដ្ឋកិច្ចសរុបកាន់តែច្រើន មានភាពជាតំណាងកាន់តែលេចធ្លោ និងមានក្របខណ្ឌផ្សព្វផ្សាយ កាន់តែទូលំទូលាយ ដូច្នេះ ពិភពលោកមានក្តីរំពឹងទុកកាន់តែខ្លាំងចំពោះ “ប្រទេស BRICS” ហើយសង្ឃឹមថា “ប្រទេស BRICS” អាចបំពេញបន្ថែមកម្លាំងចលករកាន់តែខ្លាំង និងការរួមចំណែកកាន់តែច្រើន ក្នុងការគាំពារសន្តិភាពនិងវឌ្ឍនភាព។

បើមើលពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះអាចឃើញថា គំនិតផ្តួចផ្តើមអំពីការកសាង “BRICS ចំនួន៥ចំណុច” បានពាក់ព័ន្ធនឹងវិស័យសន្តិសុខ ការអភិវឌ្ឍ អភិបាលកិច្ចសកល ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាងអរិយធម៌ជាដើម ដែលធ្វើឱ្យគំនិតផ្តួចផ្តើមសកលមួយចំនួន ដែលលើកឡើងដោយប្រទេសចិន និងបទពិសោធខាងការអភិវឌ្ឍរបស់ប្រទេសចិន មានភាពស៊ីសង្វាក់គ្នាជាមួយទស្សនទាន អភិវឌ្ឍន៍របស់ប្រទេស BRICS និងក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិ ប្រការនេះ អាចជួយឱ្យប្រទេស BRICS មានជំនឿចិត្តលើខ្លួនឯង និងឯករាជ្យម្ចាស់ការរបស់ប្រទេស BRICS ផង ហើយក៏អាចធ្វើឱ្យ កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ឆ្លើយតបនឹង “សំណួរក្នុងយុគសម័យ” ឱ្យបានកាន់តែល្អប្រសើរផងដែរ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បច្ចុប្បន្ននេះ មានប្រទេសចំនួនជាង៣០ រំពឹងថាចង់ចូលរួមក្នុងកិច្ចសហប្រតិបតិ្តការ នៃប្រទេស BRICS។ ក្រោមការគាំទ្រនិងការជំរុញ របស់ប្រទេសចិន កិច្ចប្រជុំកំពូលលើកនេះបានប្រកាសថា នឹងកំណត់ប្រទេសដៃគូរបស់ BRICS ដែលត្រូវមជ្ឈដ្ឋានមតិអន្តរជាតិចាត់ទុកថា ជាការរីកចម្រើនដ៏សំខាន់មួយណាស់ ។ អាចប៉ាន់ប្រមាណថា នៅពេលអនាគត ទន្ទឹមនឹង “ក្រុមគ្រួសារធំរបស់ ប្រទេស BRICS”ពង្រីកចំនួនសមាជិកថ្មីកាន់តែច្រើន កម្លាំងគាំទ្រសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពរបស់ពិភពលោក នឹងកាន់តែខ្លាំងឡើងៗ។

បន្ទាប់ពីបានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំ កិច្ចសហប្រតិបតិ្តការរបស់ប្រទេស BRICS បានក្លាយជាកម្លាំងឈានមុខគេរបស់ “ប្រទេសសកលខាងត្បូង”រួចទៅហើយ ប្រការនេះបានបង្ហាញថា កិច្ចសហប្រតិបតិ្តការនេះ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ របស់ពិភពលោក ហើយបានឆ្លុះបញ្ឆាំងឱ្យឃើញ នូវសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ស្តីពីការស្វែងរកសន្តិភាព ត្រួសត្រាយការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបតិ្តការ។ សម្លឹងមើលទៅកាន់អនាគត ប្រឈមនឹងស្ថានការណ៍ថ្មី នៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក និងស្ថានការណ៍ដ៏គ្រោះថ្នាក់នៃ “សង្គ្រាមត្រជាក់ថ្មី” ប្រទេសBRICS កាន់តែត្រូវស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា សហការគ្នាធ្វើឱ្យខ្លួនមានភាពកាន់តែខ្លាំងក្លា ក្នុងន័យត្រួសត្រាយនិម្មាបនកម្មថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ” ដើម្បីធ្វើឱ្យកិច្ចសហប្រតិ្តការនេះដឹកនាំ ការអភិវឌ្ឍនិងស្តារឡើងវិញរបស់ “ប្រទេសសកលខាងត្បូង” ក៏ដូចជាក្លាយជាកម្លាំងដ៏សំខាន់ ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន