(ប៉េកាំង)៖ ចិន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មលេីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរុស្ស៊ី អំឡុងកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នៅក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤។
តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃសៅរ៍នេះ លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liao Min បានណែនាំអំពីកញ្ចប់គោលនយោបាយជំរុញសេដ្ឋកិច្ច ដែលចិនទេីបនឹងបានដាក់ចេញ ប្រាប់អនុលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jay Shambaugh អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។
លោក Liao ដែលស្ថិតនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ច៕