(តូក្យូ)៖ ការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងប្រទេសជប៉ុន បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ដើម្បីសម្រេចលើជោគវាសនានៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថាគណបក្សរបស់លោកអាចនឹងទទួលបានលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថាគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន ទំនងជាអាចនឹងថយចុះសំឡេងភាគច្រើន ក្រោយរួមរឹតដោយ រឿងអាស្រូវពុករលួយ និងវិបត្តិអតិផរណា ឬរហូតឈានដល់ការបិទបញ្ចប់ការក្ដាប់អំណាចផ្ដាច់មុខដឹកនាំប្រទេសរបស់ LDP ក៏ថាបាន។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Yomiuri Shimbun ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ គណបក្ស LDP និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន អាចនឹងពិបាកនៅក្នុងការដណ្ដើមឱ្យបានអាសនៈ២៣៣ នៅក្នុង សភាជាន់ទាប ដែលជាសំឡេងភាគច្រើនចាំបាច់។
ដូច្នេះប្រសិនបើការថយចុះអាសនៈភាគច្រើននេះពិតជាកើតឡើងដូចជាការស្ទង់មតិមែន នោះវានឹងបង្ខំឱ្យលោក Ishiba ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយខែ អាច នឹងធ្វើការចរចាសម្រុះសម្រួលបែងចែកអំណាចជាមួយគណបក្សតូចៗ បើទោះជាគ្មានការស្ទង់មតិណាមួយបង្ហាញថា LDP នឹងខ្ទាតចេញពីអំណាចក៏ដោយ។
គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ លោក Ishiba មានអាយុ ៦៧ឆ្នាំ ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Fumio Kishida បានប្រកាសរំលាយសភា កាលពីដើមខែតុលាកន្លងទៅ ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិនៅថ្ងៃទី២៧ ខែតុលានេះ៕