(ហាណូយ)៖ ព្យុះ Trami បានវាយប្រហារលើភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ខណៈអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ ដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរជាតិឧតុនិយមវៀតណាម បានឱ្យដឹងថាភ្លៀងបានធ្លាក់នៅតាមផ្នែកជាច្រើននៃខេត្តមួយចំនួន រាប់ចាប់ពីខេត្ត Quang Binh រហូតដល់ខេត្ត Quang Nam ជាមួយការព្យាករពីកម្ពស់ ទឹកភ្លៀងមានកម្រិត ៦០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទស្អែកនេះ។ អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្រមានដែរថាហានិភ័យនៃទឹកជំនន់អាចនឹងមានកម្រិតខ្ពស់នៅទីក្រុង Ha Tinh រហូតដល់ខេត្ត Binh Dinh។
គួរបញ្ជាក់ថា ព្យុះ Trami ត្រូវបានរាយការណ៍ថាបានបក់បោកក្នុងល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្លាក់មកនៅ ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលព្យុះនេះបក់បោកទៅដល់ ភាគឦសាននៃខេត្ត Danang នៅម៉ោង ៩ព្រឹក នៅថ្ងៃអាទិត្យនេះ។ ព្យុះនេះដែរបានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៤ នៅភាគកណ្ដាលវៀតណាម ផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ កាលពីខែកញ្ញាកន្លងទៅ ព្យុះ Yagi បានបង្កឱ្យមានគ្រោះទឹកជំនន់សម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៣.៣ពាន់លានដុល្លារ នៅភាគខាងជើងនៃប្រទេសវៀតណាម៕