(ហ្សេរុយសាឡឹម)៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអះអាងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់លែងអាចប្រើប្រាស់ក្រុមហាម៉ាស់ និងហេសបូឡាជាប្រូកស៊ី ដើម្បីវាយប្រហារអ៊ីស្រាអែលបានទៀតហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Gallant បានថ្លែងក្នុងពិធីរំលឹកខួប នៅទីក្រុងហ្សេរុយសាឡឹមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងការពារអ៊ីស្រាអែល បានផ្លាស់ប្តូរស្ថានការណ៍សង្រ្គាម និងទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក នៅក្នុងគ្រប់សមរភូមិ។
លោកបានបន្ថែមថា ក្រុមហាម៉ាស់ លែងដំណើរការជាបណ្តាញយោធានៅក្នុងតំបន់ហ្គាហ្សាទៀតហើយ ហើយបញ្ជាការជាន់ខ្ពស់និងសមត្ថភាពមីស៊ីលរបស់ហេសបូឡា ភាគច្រើនក៏ត្រូវបានបំផ្លាញផងដែរ។ លោកបានសន្និដ្ឋានថា ក្រុមទាំងពីរនេះលែងជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់ប្រឆាំងនឹងអ៊ីស្រាអែលទៀតហើយ៕