(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំងនិងនាវាចម្បាំងរបស់ចិនបានធ្វើ «ការល្បាតប្រយុទ្ធ» នៅក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីចិន បានគំរាមចាត់វិធានការតបតចំពោះការលក់អាវុធ ដែលមានតម្លៃ ២ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានរកឃើញយន្តហោះចម្បាំងចិនចំនួន ១៩គ្រឿង និងនាវាចម្បាំងមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅជុំវិញកោះ។
ការលក់អាវុធនេះ រួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសតៃវ៉ាន់បានស្វាគមន៍ការលក់អាវុធនេះ ដោយនិយាយថា តៃវ៉ាន់មានកាតព្វកិច្ចការពារខ្លួន ពីការគំរាមកំហែងរបស់ប្រទេសចិន។
គួរបញ្ជាក់ថា ការល្បាតរបស់យន្តហោះនិងនាវាចម្បាំងចិននៅក្បែរកោះតៃវ៉ាន់ គឺជារឿងធម្មតា ប៉ុន្តែសកម្មភាពនេះបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការល្បាតនេះ បង្ហាញពីភាពតានតឹង រវាងចិននិងតៃវ៉ាន់ដែលកាន់តែខ្លាំងឡើង៕