(តេអេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាឱ្យមន្ត្រី កំណត់វិធីឆ្លើយតបល្អបំផុត ទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA នៅថ្ងៃអាទិត្យ។
លោក Khamenei បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមិនគួរត្រូវបានមើលរំលង ឬបំផ្លើសពេកឡើយ។ ប៉ុន្តែលោកបានបន្ថែមថា អ៊ីរ៉ង់ត្រូវតែបង្ហាញអំណាចរបស់ខ្លួនដល់អ៊ីស្រាអែល ហើយមន្ត្រីគួរតែកំណត់ពីរបៀបល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៉ីរ៉ង់ ដោយបានកំណត់គោលដៅទៅលើរោងចក្រមីស៊ីល និងទីតាំងយោធាផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់បានអះអាងថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ខណៈសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានទទូចឱ្យអ៉ីរ៉ង់កុំសងសឹកអ៉ីស្រាអែលវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕