(ញូវយ៉ក)៖ ក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការជួបប្រជុំនេះធ្វើឡើងតបតាមការអំពាវនាវ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដែលបានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល ថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ អ៊ីរ៉ង់ក៏បានប្រកាសថាខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារនេះ នៅពេលវេលាសមស្របផងដែរ។
លោក Araqchi បាននិយាយនៅក្នុងលិខិតមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ដែលមានសមាជិក ១៥ រូបនេះ កាលពីថ្ងៃសៅរ៍ថា «សកម្មភាពរបស់របបអ៊ីស្រាអែលបង្កើតជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ និងធ្វើឱ្យមានអស្ថិរភាពដល់តំបន់ដែលផុយស្រួយរួចទៅហើយ»។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សូមរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបតាមផ្លូវច្បាប់ និងត្រឹមត្រូវចំពោះការវាយប្រហារឧក្រិដ្ឋកម្មទាំងនេះនៅពេលសមស្របណាមួយ»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាការសងសឹក ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា។ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺសំដៅទៅលើរោងចក្រផលិតមីស៊ីល និងទីតាំងយោធាផ្សេងទៀត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យភាគីទាំងអស់ បញ្ឈប់អំពើហិង្សា និងងាកមករកការចរចាដោយសន្តិវិធីវិញ៕