(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងជើង បានថ្កោលទោសយោធាកូរ៉េខាងត្បូងសម្រាប់ការបញ្ជូនដ្រូនទន្ទ្រានចូលទឹកដីរបស់ខ្លួន ក្រោមហេតុផលនយោបាយ ដោយចាត់ទុកថានេះជាទង្វើបំពានលើ អធិបតេយ្យរបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បានឱ្យដឹងថាក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេត បន្ទាប់ពីបានអះអាងថាដ្រូន របស់យោធាកូរ៉េខាងត្បូង បានហោះចូលដែនអាកាសនៃទីក្រុងព្យុងយ៉ាងចំនួន៣ដង នៅក្នុងខែតុលា ដើម្បីចាយចែកខិត្តបណ្ណរិះគន់ប្រឆាំងកូរ៉េខាងជើង។ KCNA ក៏បានចេញផ្សាយផងដែរនូវរូបភាពដ្រូន ដែលខ្លួនអះអាងថាដ្រូនរបស់យោធាកូរ៉េខាងត្បូងដែលបានធ្លាក់។
គួរបញ្ជាក់ថា ខាងយោធាកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់ពីកូរ៉េខាងជើងនោះទេ ប៉ុន្តែធ្លាប់បាននិយាយថាការអះអាងឯកតោភាគីរបស់ទីក្រុងព្យុងយ៉ាងមិនមានតម្លៃ តម្រូវឱ្យមានការផ្ទៀងផ្ទាត់ ឬក៏ចាត់វិធានការឆ្លើយតបនោះទេ៕