(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះបានអះអាងពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១០៩គ្រឿង ក្នុងរយៈពេលមួយថ្ងៃ នៅលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងតំបន់នៅតាមបណ្ដោយព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រសួងការពារជាតិរុស្ស៉ី នៅក្នុងចំណោមដ្រូនខាងលើ មាន៤៥គ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Briansk ដែលមានព្រំដែនជាប់អ៊ុយក្រែន និងបេឡារុស ខណៈ ២៦គ្រឿងត្រូវបានកម្ទេចនៅតំបន់ Belgorod។ ក្រសួងបន្តថា ១៨គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Tambov ស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន ហើយ៥គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើងចាប់តាំងពីខែសីហាមក និងកំពុងគ្រប់គ្រងទឹកដីរុស្ស៉ីមួយចំនួនក្នុងតំបន់នេះ។
គួរបញ្ជាក់ថា មនុស្សម្នាក់ក៏បានរងរបួសស្រាលផងដែរ ហើយដ្រូនមួយចំនួនទៀតត្រូវបានបាញ់ទម្លាក់នៅកន្លែងជាច្រើនផ្សេងទៀតក្នុងប្រទេសរុស្ស៉ី៕