(ការ៉ាកាស)៖ សមាគមអ្នកសារព័ត៌មាន ក្នុងប្រទេសវ៉េណេស៊ុយអេឡា បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោក Nelin Escalante ដែលជាអ្នកកាសែតជើងចាស់ម្នាក់ បានបាត់ដំណឹងតាំងពីថ្ងៃសុក្រមក ហើយទំនងជាត្រូវអាជ្ញាធរឃុំខ្លួន ក្នុងរដ្ឋធានីការ៉ាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤។
លោក Nelin Escalante ជាអ្នកកាសែតឯករាជ្យម្នាក់ ដែលថ្មីៗនេះបានបង្ហោះវីដេអូមួយ និយាយពីតម្លៃលុយដុល្លារអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា តាមគណនីបណ្តាញសង្គមរបស់គាត់។ សមាគមអ្នកកាសែតជាតិ CNP បានឱ្យដឹងថា លោក Escalante ត្រូវបានទីភ្នាក់ងារមួយ ដែលចំណុះឱ្យអគ្គនាយកដ្ឋានប្រឆាំងការស៉ើបការណ៍យោធា ឬ DGCIM នាំខ្លួនយកទៅ កាលពីរសៀលថ្ងៃសុក្រ។ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ Escalante បានបាត់ដំណឹងអស់រយៈពេល ៤៨ម៉ោងហើយ។ CNP ទាមទារឱ្យមានការផ្តល់ដំណឹង និងដោះលែងរូបលោកជាបន្ទាន់។ ដោយឡែក សហជីពអ្នកសារព័ត៌មាន SNTP ក៏បានឱ្យដឹងផងដែរថា មុនបាត់ដំណឹង Escalante បានទាក់ទងជាមួយសាច់ញាតិរបស់គាត់ ហើយប្រាប់ថាមានគេឃុំខ្លួនគាត់។
គួរបញ្ជាក់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនទាន់ឆ្លើយតបទេចំពោះសំណើសុំការបំភ្លឺពី Reuters ជុំវិញករណីនេះ។ អង្គការសហប្រជាជាតិ កន្លងមកបានចោទប្រកាន់ DGCIM ពីការចាប់ខ្លួន និងធ្វើទារុណកម្មតាមអំពើចិត្ត៕